អ៊ុយក្រែន៖ កុមារី Amelia ជាក្មេងស្រីម្នាក់ដែលបានច្រៀងចម្រៀងជាភាសាអ៊ុយក្រែន ក្រោមចំណងជើងថា Let it go ក្នុងភាពយន្តគំនូរជីវចល "Frozen" នៅក្នុងបន្ទប់ក្រោមដីគេចពីគ្រាប់ផ្លោងរុស្ស៊ីក្នុងទីក្រុង Kyiv បានច្រៀងចម្រៀងជាតិអ៊ុយក្រែនកាលពីល្ងាចថ្ងៃអាទិត្យ ក្នុងអំឡុងពេលការប្រគំតន្ត្រីសប្បុរសធម៌ដែលធ្វើឡើងនៅទីក្រុង Lodz ប្រទេសប៉ូឡូញ។

ថវិកាដែលបានពីការលក់សំបុត្រនឹងយកទៅផ្គត់ផ្គង់សកម្មភាពជំនួយមនុស្សធម៌ប៉ូឡូញ ជាមូលនិធិមួយក្នុងចំណោមមូលនិធិចំណាស់បំផុត និងមានបទពិសោធន៍ច្រើនបំផុតរបស់ប្រទេសប៉ូឡូញ ដែលកំពុងជួយគាំទ្រដល់ជនរងគ្រោះពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ការប្រគំតន្ត្រីនេះត្រូវបានរួមសហការផលិត និងផ្សាយដោយទូរទស្សន៍ TVN Discovery របស់ប្រទេសប៉ូឡូញ។ ចាប់តាំងពីរុស្ស៊ីវាយប្រហារលើអ៊ុយក្រែនរយៈកាល ៤សប្ដាហ៍មកនេះមានមនុស្សជាង ៣លាន ៤សែននាក់បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន នេះបើយោងតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ជនជាតិអ៊ុយក្រែនភាគច្រើនបានរត់ចូលទៅកាន់ប្រទេសជិតខាងដូចជា ប៉ូឡូញ រ៉ូម៉ានី ឬម៉ុលដូវ៉ា ប៉ុន្តែខណៈដែលសង្គ្រាមនៅតែបន្ត មនុស្សភាគច្រើនកំពុងភៀសខ្លួនទៅកាន់ភាគខាងលិចកាន់តែច្រើនទៀត៕
អត្ថបទ៖ សុខមាន