កាលថ្ងៃអាទិត្យ (ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦) សម្តេច ប៉ាប អេឡូ (Pope Leo) បានអំពាវនាវយ៉ាងខ្លាំងក្លាឲ្យមានសន្តិភាពនៅអ៊ុយក្រែន ដោយមានព្រះបន្ទូលថា ការបញ្ចប់ជម្លោះរយៈពេល ៤ឆ្នាំ «មិនអាចពន្យារបានទៀតទេ» ខណៈដែលសហរដ្ឋអាមេរិកប្រឹងប្រែងសម្របសម្រួលយ៉ាងខ្លាំង ដើម្បីឲ្យមានកិច្ចព្រមព្រៀង រវាងទីក្រុងមូស្គូ និងគីវ។
យោធាអ៊ុយក្រែន និងមន្ត្រីមូលដ្ឋាន បានឲ្យដឹងកាលពីថ្ងៃទី២២ ខែកុម្ភៈថា រុស្ស៊ីដែលបានបើកការឈ្លានពានទ្រង់ទ្រាយធំលើប្រទេសជិតខាងរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រើប្រាស់យានដ្រូន និងមីស៊ីលបាលីស្ទិក និងមីស៊ីលតម្រង់គោលដៅ អំឡុងការវាយប្រហារចុងក្រោយបំផុតរបស់ខ្លួន នាពេលយប់។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំសប្តាហ៍ទៅកាន់បរិស័ទដែលចូលរួមនៅទីលាន St Peter បន្ទាប់ពីពិធីអធិដ្ឋានថ្ងៃអាទិត្យ សម្តេច ប៉ាប បានមានបន្ទូលថា៖ «បេះដូងរបស់ខ្ញុំមាននូវការអាណិតអាសូរជាថ្មីម្ដងទៀត ចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរដែលមនុស្សគ្រប់គ្នាអាចមើលឃើញ»។ ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា៖ «មានជនរងគ្រោះច្រើនណាស់ មានជីវិត និងគ្រួសារជាច្រើនបែកបាក់ មានការបំផ្លិចបំផ្លាញច្រើនណាស់ ហើយមាននូវទុក្ខវេទនាជាច្រើនដែលមិនអាចបរិយាយបាន»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្វែងរកការសម្របសម្រួល រវាងភាគីទាំង២ ប៉ុន្តែវឌ្ឍនភាពបានជាប់គាំង ដោយរុស្ស៊ីទាមទារឲ្យអ៊ុយក្រែនដកចេញពីផ្នែកខ្លះនៃតំបន់ Donbas នៅភាគខាងកើតដែលខ្លួននៅតែគ្រប់គ្រង ជាអ្វីដែលទីក្រុងគីវបានបដិសេធ។
សម្តេច ប៉ាប បានមានបន្ទូលសង្កត់ធ្ងន់ថា៖ «សន្តិភាពមិនអាចពន្យារបានទៀតទេ។ វាគឺជាភាពចាំបាច់បន្ទាន់មួយ ដែលត្រូវតែធ្វើឲ្យផ្លូវចិត្តមនុស្សគ្រប់គ្នាមានសន្តិភាព ហើយត្រូវបានប្រែក្លាយឲ្យវាទៅជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ»។ ព្រះអង្គបានមានបន្ទូលថា សង្គ្រាម គឺជា «របួសដែលបានបង្កឡើង ចំពោះគ្រួសារមនុស្សទាំងមូល» ដែលបន្សល់ទុកនូវ «ការស្លាប់ ការបំផ្លិចបំផ្លាញ និងដាននៃការឈឺចាប់ដែលបន្តទៅមនុស្សជំនាន់ក្រោយៗ»៕


