ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា បានបន្តប្រគល់ភារកិច្ចដល់អភិបាលខេត្តកោះកុង កងទ័ពជើងទឹក និងរដ្ឋបាលស្រុកមណ្ឌលសីមា បន្តធ្វើការរួមគ្នាដោះស្រាយ ដើម្បីឱ្យប្រជានេសាទខ្មែរ៣នាក់ដែលថៃចាប់នៅព្រំដែនទឹកកម្ពុជា។
បន្ទាប់ពីទទួលបានព័ត៌មានអំពីកងកម្លាំងជើងទឹកថៃ ចាប់ខ្លួនប្រជានេសាទខែ្មរចំនួន៣នាក់ក្បែរព្រំដែនទឹក នៅកោះយ៉ ស្រុកមណ្ឌលសសីមា ឯកឧត្តម ទៀ សីហា បន្តណែនាំដល់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ត្រូវធ្វើការរួមគ្នាអាជ្ញាធរសមត្ថកិច្ចមន្ទីរពាក់ព័ន្ធសម្របសម្រួលឱ្យមានការដោះលែងអោយវិលត្រឡប់មកលំនៅដ្ឋានវិញ។
ឯកឧត្តម ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងគូសបញ្ជាក់ទៀតថា ព្រំដែនទឹកកម្ពុជា និងថៃ ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ និងមានការឯកភាពនោះទេដែលនាំឱ្យលំបាកកំណត់ងាយប្រឈមរងប៉ះពាល់។
បន្ថែមលើនេះ ឯកឧត្តម មានតែស្នើដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយអោយបានច្រើនទៅកាន់ប្រជានេសាទ ដោយមិនទៅនេសាទក្បែរព្រំដែនទឹកជាមួយថៃបន្តទៀតឡើយ ទោះបីជាកន្លងទៅបានផ្សព្វផ្សាយពន្យល់ណែនាំជាច្រើនលើកច្រើនសារយ៉ាងណាក្តី៕





