នគរបាលនិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ផ្លូវតំបន់ភ្នំនៅតំបន់ភាគខាងលិច ប្រទេសនេប៉ាល់នាព្រឹកថ្ងៃចន្ទនេះ បណ្តាលឲ្យមនុស្ស ១៩នាក់ស្លាប់ ។
ពួកគេនិយាយថា មនុស្ស ៩នាក់ ត្រូវបានកំណត់អត្តសញ្ញាណមកទល់នឹងពេលនេះ ហើយរថយន្តក្រុងមួយគ្រឿងនេះដឹកអ្នកដំណើរសរុបចំនួន ៤៤នាក់ ។
សេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា ជនជាតិនូវែលសេឡង់ម្នាក់ និងជនជាតិចិនម្នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួស ពេលដែលរថយន្តក្រុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងកដ្ឋម៉ាន់ឌូ ចេញពីទីក្រុងទេសចរណ៍ Pokhara បានធ្លាក់ចូលជ្រោះជម្រៅ ២០០ម៉ែត្រ ស្ថិតក្នុងស្រុក Dhading ដែលមានចម្ងាយប្រហែល ៨០គ.មពីទីក្រុងកដ្ឋម៉ាន់ឌី ។

សេចក្តីថ្លែងការណ៍បន្តថា អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងកដ្ឋម៉ាន់ឌូ ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុគ្រោះថ្នាក់តាមផ្លូវ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសនេប៉ាល់ ជាពិសេសនៅតំបន់ភ្នំ ជាទីដែលស្ថានភាពផ្លូវមាននលក្ខណៈអន់ ហើយមនុស្សរាប់រយនាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជារៀងរាល់ឆ្នាំនៅប្រទេសមួយនេះ ៕
