ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរ ហើយក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឲ្យពលរដ្ឋអាមេរិកស្នាក់នៅកន្លែងសុវត្ថិភាព កាលពីថ្ងៃអាទិត្យ (ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦) បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងនៅភាគខាងលិចប្រទេសម៉ិកស៊ិក ក្រោយមានប្រតិបត្តិការយោធាដែលបានសម្លាប់មេក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលម្នាក់។
ក្រុមហ៊ុនអាកាសចរណ៍ Southwest និង Alaska Airlines បានឲ្យដឹងថា ពួកគេបានលុបចោលជើងហោះហើរទាំងទៅ និងមកពីទីក្រុង Puerto Vallarta របស់ម៉ិកស៊ិក ខណៈក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានចេញការលើកលែងការធ្វើដំណើរ សម្រាប់អ្នកដំណើរដែលត្រូវទៅ ឬមកពីទីក្រុង Puerto Vallarta និងទីក្រុង Guadalajara។ ក្រុមហ៊ុនអាកាសចរណ៍ Air Canada ក៏បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន នៅអាកាសយានដ្ឋាន Puerto Vallarta ដោយលើកឡើងពីអ្វីដែលខ្លួនបានពិពណ៌នាថា ជា «ស្ថានភាពសន្តិសុខដែលកំពុងបន្តមាន»។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹង អំពីសន្តិសុខ ដោយណែនាំឲ្យស្នាក់នៅតែក្នុងផ្ទះ រហូតដល់មានការជូនដំណឹងបន្ថែម សម្រាប់ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋជាច្រើនរបស់ម៉ិកស៊ិក រួមទាំង Jalisco, Tamaulipas, Michoacan, Guerrero និង Nuevo Leon។
ក្រសួងការពារជាតិម៉ិកស៊ិក បានឲ្យដឹងថា ភាពចលាចលនេះបានកើតឡើងបន្ទាប់ពីមានប្រតិបត្តិការរបស់កងកម្លាំងសន្តិសុខម៉ិកស៊ិក ដែលបានសម្លាប់លោក Nemesio Ruben Oseguera Cervantes ដែលត្រូវបានគេស្គាល់ឈ្មោះថា ជា «El Mencho» ដែលជាមេក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មី Jalisco (CJNG)។ លោកបានរងរបួសក្នុងអំឡុងពេលវាយឆ្មក់មួយ នៅទីក្រុង Tapalpa ក្នុងរដ្ឋ Jalisco ហើយបានស្លាប់ពេលកំពុងត្រូវបានដឹកទៅកាន់ទីក្រុង Mexico។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Landau បានបញ្ជាក់ពីការស្លាប់នេះ ដោយពណ៌នាអំពីលោក Oseguera Cervantes ថា ជា «មេក្លោងជួញដូរគ្រឿងញៀនដ៏សាហាវឃោរឃៅបំផុតម្នាក់»៕


