រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Johann Wadephul និយាយនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃចន្ទនេះថា រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប នឹងជំរុញឲ្យហុងគ្រីគិតឡើងវិញពីការសម្រេចចិត្តរបស់ខ្លួន ដើម្បីរារាំងកញ្ចប់បន្ទាប់នទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ី ។

កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្ត្រីបហុងគ្រី លោក Viktor Orban បានប្រកាសវិធានការតបតចំនួន ៣ក្នុងការឆ្លើយតបទៅនឹងការផ្អាករបស់អ៊ុយក្រែន ជុំវិញការបញ្ជូនប្រេងឆៅតាមបំពង់បង្ហូរប្រេង Druzhba ។
នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម លោក Orban បាននិយាយថា ប្រទេសហុងគ្រី នឹងទទួលបានការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ខ្លួន និងចាត់វិធានការតបតចាំបាច់ រហូតដល់ការបញ្ជូនប្រេងត្រូវបានបន្តឡើងវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wadephul និយាយថា លោកគ្មានជំនឿថា វាគឺជារឿងត្រឹមត្រូវនោះទេកាលដែលហុងគ្រីក្បត់ការតស៊ូ ដើម្បីសេរីភាពរបស់ខ្លួន និងអធិបតេយ្យភាពអឺរ៉ុប ។
គួរឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសហុងគ្រី បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្រទេស លោកនឹងរារាំងប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (ស្មើនឹង ១០៦ពាន់លានដុល្លារ) របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែនរហូតដល់អ៊ុយក្រែនបន្តបញ្ជូនប្រេងទៅកាន់ប្រទេសរបស់ខ្លួនតាមរយៈបំពង់បង្ហូរប្រេង Druzhba បន្ទាប់ពីទីក្រុង Budapest បាននិយាយថា ពួកគេនឹងបូមយកប្រេងបម្រុងយុទ្ធសាស្ត្រ ដើម្បីដោះស្រាយកង្វះខាត ។
ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលមានរោងចក្រចម្រាញ់ប្រេងនៅសល់ក្នុងសហភាពអឺរ៉ុបដោយប្រើប្រាស់ប្រេងរបស់រុស្ស៊ីតាមរយៈបំបង់បង្ហូរប្រេង Druzhbaនោះ បានព្យាយាមទទួលបានការផ្គត់ផ្គង់ចាប់តាំងពីលំហូរត្រូវបានបញ្ឈប់កាលពីថ្ងៃទី២៧ ខែមករា បន្ទាប់ពីអ្វីដែលអ៊ុយក្រែនបាននិយាយថា ជាការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរប្រេង ៕
