ភ្នំពេញ ៖ គិតមកដល់ពេលនេះ រយៈពេលជិត ១ខែហើយ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជំងឺកូវីដ១៩ នៅបន្ត ការរីករាលដាល ដែល ត្រូវបានអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច លើកឡើងថា ប្រជាពលរដ្ឋដែលស្ថិត នៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ប្រកបរបររត់ម៉ូតូកង់បី និងអ្នកបម្រើតាមភោជនីយដ្ឋានប្រមាណ ៨៥ ទៅ៩០ភាគរយ រងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ និងថយចុះនូវប្រាក់ចំណូលប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ មាន ប្រសាសន៍ថា ការរីករាលដាលសហគមន៍នេះ គឺមានទ្រង់ទ្រាយធំ ហើយ ទាក់ទងនឹង ការបិទបញ្ចប់នៅក្នុងការឆ្លងសហគមន៍នេះ ហាក់ដូចជាមិនទាន់មានភាពកំណត់ច្បាស់នៅឡើយ ហើយអ្វីដែល ធ្វើឱ្យប៉ះពាល់ទៅដល់វិស័យសេដ្ឋកិច្ចជាងគេ គឺក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលមិនបានចេញ ក្រៅហើយពេល នោះឯង ជាចំណុចធ្វើឱ្យការចាយរបស់របស់ប្រជាពលរដ្ឋទៅក្នុងសេដ្ឋកិច្ចថមថយ និងឈានទៅ ដល់ការធ្លាក់ចុះនៃ កម្លាំងផលិតក្នុងវិស័យសេដ្ឋកិច្ច។
ក្រៅពីរបរដែលប៉ះពាល់ខាងលើនេះ លោក សេរីវឌ្ឍន៍ បានបញ្ជាក់ទៀតថា ក្នុងរយះពេល១ខែនេះ វិស័យ កសិកម្មនៅកម្ពុជា ក៏មានការស្រុតចុះដែរ សម្រាប់អ្នកធ្វើស្រែ ចម្ការ និងការនាំផលិតផលចេញដូចជា ស្វាយ ដំឡូងជាដើមទៅប្រទេសថៃហើយ ត្រូវបានគេបន្ទាបថ្លៃ។
ជាមួយគ្នានេះ លោកបានលើកឡើងនូវដំណោះស្រាយដើម្បីចូលរួមការពារពីជំងឺកូវីដនេះថា ត្រូវចូលរួម ការពារឱ្យបាន ល្អប្រសើរតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ ត្រូវឱ្យ មានធម្មតាកុំឱ្យបិទតែត្រូវរក្សាអនាម័យ និងស្តង់ដារគម្លាតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយឡែក រាជរដ្ឋាភិបាល គួរតែមានការឧបត្ថម្ភមួយចំនួនទៅលើក្រុមអ្នកផ្គត់ផ្គង់សេវា ព្រោះអ្នកទាំង នោះក៏រងផលប៉ះពាល់ តាមរយៈការរៀបចំឥណទានឡើងវិញ ដូចជា ការបង់ប្រាក់ធនាគារ ព្រោះពួកគាត់រក ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារមិនបានគ្រប់គ្រាន់ផង ទម្រាំទៅដល់ការបង់ធនាគារទៀត។ លោក ជឿថា រដ្ឋគួរតែ ពិចារណាលើបញ្ហានេះ ដើម្បីដោះស្រាយនូវវិបត្តិនេះ។
យ៉ាងណាមិញ អ្នកវិភាគសេដ្ឋកិច្ចបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ មេត្តាចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងកាត់បន្ថយការជួបជុំគ្នា ព្រោះថា នៅតាមតំបន់មួយចំនួនធំ នៅតែ មានការជួបជុំគ្នា ហើយមិនមានការភ័យខ្លាច ការមិនពាក់ម៉ាស មិនគោរពតាមច្បាប់ថ្មីរបស់ រដ្ឋាភិបាល ក្នុងវិបត្តិ កូវីដ ដែលធ្វើឱ្យមានការឆ្លងពីមួយទៅមួយ។ គិតចាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានរកឃើញអ្នក ឆ្លងថ្មីនៃវីរុសកូវីដ-១៩ ចំនួនសរុបជាង ១ពាន់នាក់៕
អត្ថបទ ៖ ឈិត បូរ៉ាវី