វាយកូនបាល់៖ កំពូលកីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានបង្ហើបថា ខ្លួនបានជួបនឹងបញ្ហាពិបាកដកដង្ហើមអំឡុងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Indian Wells ក្រោមស្នាដៃកីឡាករម្ចាស់ផ្ទះអាមេរិក Taylor Fritz។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះត្រូវបាន Fritz នាំមុខ ៤-០ ក្នុងសិតដំបូង មុនពេលដែលសុំទទួលការពិនិត្យបឋមនៅក្នុងបន្ទប់។

Nadal បានបន្តថា គេមានអារម្មណ៍វិលមុខ ពិបាកដកដង្ហើម និងមានការឈឺចាប់កន្លែងខ្លះនៃរាង្គកាយ។ ក្រោយវិលមកពីការពិនិត្យវិញ Nadal ក៏ធ្វើបានល្អជាងមុនតែនៅតែបរាជ័យ ២សិតផ្ទួនៗ ៦-៣ និង ៧-៦(៧-៥) ដែលជាបរាជ័យដំបូងក្នុងឆ្នាំ២០២២ នេះបន្ទាប់ពីឈ្នះ ២០ប្រកួតជាប់គ្នាមកហើយ។ Nadal បានធ្វើឱ្យមានកំហុសសរុបដល់ទៅ ៣៤លើកដែលធ្វើឱ្យ Taylor Fritz ទទួលបានជ័យជំនះ និងក្លាយជាកីឡាករអាមេរិកទី១ ដែលឈ្នះពាន Indian Wells នេះរាប់តាំងពី Andre Agassi ដែលឈ្នះចុងក្រោយតាំងពីឆ្នាំ២០០១៕
អត្ថបទ៖នាង សុភាវុធ