រថយន្តបានធ្វើដំណើរយឺតៗតាមដងផ្លូវគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់ឃ្មឹកកាលពីថ្ងៃអាទិត្យ ពេលដែលព្រិលធ្លាក់ បានគ្របដណ្តប់ដងផ្លូវនៅទូទាំងសង្កាត់ Staten Island របស់ទីក្រុងញូយ៉កមួយ នេះ ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានព្រមានពីស្ថានភាពដ៏គ្រោះថ្នាក់ ហើយពួកគេនិយាយថា ការព្រមានព្យុះព្រិល នឹងបន្តចូលជាធរមានសម្រាប់សង្កាត់ Staten Island និងតំបន់ជាច្រើនទៀត នៅក្នុងទីក្រុងញូវយ៉ករហូតដល់វេលាម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក ថ្ងៃចន្ទនេះ ។
អភិបាលក្រុងញូវយ៉កលោក Zohran Mamdani បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ហើយនិងបញ្ជាឲ្យរថយន្តមិនចាំបាច់ មិនត្រូវធ្វើចរាចរណ៍នៅលើដងផ្លូវនោះទេ ចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់យប់ថ្ងៃចន្ទ ។ ទីក្រុងមួយនេះ បានស្ថិតក្នុងការព្រមានព្យុះព្រិលជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧រហូតមក ។
ដោយឡែក អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul និយាយថា លោកស្រីបានបញ្ជូនសមាជិកឆ្មាំជាតិ ១០០នាក់ ទៅជួយកោះ Long Island ទីក្រុងញូវយ៉ក និងតំបន់ Lower Hudson Valley ដែលគេរំពឹងថា នឹងមានព្រិល និងខ្យល់បក់ខ្លាំង ៕