លោក Rob Jetten បានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហូឡង់ នៅថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ នៅពេលដែលរដ្ឋាភិបាលសំឡេងភាគតិចរបស់លោក ត្រូវបានបញ្ជាក់កាន់អំណាចជាផ្លូវការ ដោយព្រះមហាក្សត្រ Willem-Alexander។
លោក Jetten អាយុ ៣៨ឆ្នាំ បានជំរុញឲ្យគណបក្សជឿនលឿន និងគាំទ្រសហភាពអឺរ៉ុប (EU) របស់លោក គឺបក្ស D66 ទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតកាលពីខែតុលាឆ្នាំមុន តាមរយៈយុទ្ធនាការប្រកបជំនាញ និងសុទិដ្ឋិនិយម ដោយសន្យាងាកចេញពីគោលនយោបាយរបស់រដ្ឋាភិបាលមានភាពបែកបាក់ពីមុនដែលគ្រប់គ្រងដោយអ្នកជាតិនិយម លោក Geert Wilders។
យ៉ាងណាក្ដី សុទិដ្ឋិនិយមរបស់លោកនឹងត្រូវបានសាកល្បងតាំងពីដំបូង ខណៈដែលក្រុមចម្រុះកណ្តាល-ស្តាំនិយមរបស់លោក មិនមានសំឡេងភាគច្រើនគ្រប់គ្រាន ទាំងនៅសភាជាន់ទាប និងសភាជាន់ខ្ពស់របស់ហូឡង់ ហើយនឹងត្រូវការការគាំទ្រពីគណបក្សប្រឆាំង សម្រាប់សំណើទាំងអស់របស់ខ្លួន។

រដ្ឋាភិបាលចម្រុះ ដែលមានគណបក្ស D66 គណបក្សប្រជាធិបតេយ្យសាសនាគ្រិស្តអភិរក្សនិយម និងគណបក្សស្តាំនិយម VVD គឺជាការសាកល្បងដ៏កម្រមួយ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥ របស់តំបន់ចាយប្រាក់អឺរ៉ូ ដែលតាមប្រពៃណីគ្រប់គ្រងដោយក្រុមចម្រុះសំឡេងភាគច្រើន ដោយមានកតិកាសញ្ញាលម្អិតរដ្ឋាភិបាល។
ដោយជាការបង្ហាញនូវសញ្ញាដ៏ច្បាស់លាស់នៃសមរភូមិដ៏លំបាកដែលលោក Jetten ត្រូវប្រឈមជាមួយនោះ គណបក្សប្រឆាំង ចាប់ពីក្រុមឆ្វេងនិយម ទៅស្តាំនិយម បានថ្កោលទោសផែនការរបស់រដ្ឋាភិបាលចម្រុះ ក្នុងការផ្តល់មូលនិធិដល់ការបង្កើនជាប្រវត្តិសាស្ត្រនៃការចំណាយលើវិស័យការពារជាតិ តាមរយៈការកាត់បន្ថយមូលនិធិសុខុមាលភាព និងការថែទាំសុខភាព៕
