នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani បានជួបជាមួយបេសកជនពិសេសអាមេរិកទទួលបន្ទុកស៊ីរី លោក Tom Barrack កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងស្ថានភាព នៅក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការទប់ស្កាត់ការកើនឡើងនូវជម្លោះក្នុងតំបន់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការងាកទៅរកការសន្ទនា និងបណ្តាញការទូត ដើម្បីដោះស្រាយជម្លោះ។

លោក Al-Sudani បានសង្កត់ធ្ងន់លើតម្រូវការ «ទប់ស្កាត់ការឈ្លានពាន និងការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសនានា និងប្រជាជននៅក្នុងតំបន់»។
ការពិភាក្សាក៏បានគ្របដណ្តប់លើឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ។
ចំណែកលោក លោក Barrack បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់អ៊ីរ៉ាក់ ក្នុងការជំរុញដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងតំបន់ ការកាត់បន្ថយភាពតានតឹង ការគាំទ្រការសន្ទនា និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕
