បុរសប្រដាប់ដោយអាវុធម្នាក់ បានបើកបររថយន្តចូលទៅក្នុងបរិវេណសុវត្ថិភាពរបស់ Mar-a-Lago ដែលជារមណីយដ្ឋានរបស់លោកប្រធានាធិបតី Donald Trump ក្នុងទីក្រុង Palm Beach រដ្ឋ Florida មុនពេលត្រូវបានបាញ់បណ្ដាលឲ្យស្លាប់ កាលពីព្រឹកថ្ងៃអាទិត្យ (ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦)។ នេះបើយោងតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារសេវាសម្ងាត់។
ទោះបីជាលោក Trump តែងតែចំណាយពេលចុងសប្តាហ៍នៅរមណីយដ្ឋានរបស់លោកក៏ដោយ ក៏រូបលោកកំពុងស្ថិតនៅឯសេតវិមាន នៅពេលដែលការចូលដោយគ្មានការអនុញ្ញាតនោះ បានកើតឡើងនៅម៉ោងប្រហែល ១:៣០ព្រឹក ម៉ោងក្នុងស្រុក។

អាជ្ញាធរបានឲ្យដឹងនោះថា បុរសនោះមានកំប៉ុងហ្គាស និងកាំភ្លើងខ្លី។ ហើយបើយោងតាម FBI (ការិយាល័យស៊ើបអង្កេតសហព័ន្ធ) បានឲ្យដឹងថា អ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជននោះមានឈ្មោះ Austin Tucker Martin អាយុ ២១ឆ្នាំ មកពីរដ្ឋ North Carolina ហើយអាជ្ញាធរ បានបញ្ជាក់ថា ក្រុមគ្រួសាររបស់គេ ទើបតែបានរាយការណ៍ពីការបាត់ខ្លួនរបស់គេ។
អ្នកនាំពាក្យទីភ្នាក់ងារសេវាសម្ងាត់ លោក Anthony Guglielmi បាននិយាយថា ជននោះត្រូវបានគេជឿថា បានទិញកាំភ្លើងខ្លី ពេលកំពុងបើកបរឆ្ពោះទៅភាគខាងត្បូង ហើយប្រអប់ដាក់អាវុធ ត្រូវបានរកឃើញនៅពេលក្រោយ នៅក្នុងរថយន្តរបស់គេ។
អ្នកស៊ើបអង្កេតមិនទាន់បានកំណត់ពីមូលហេតុនៅឡើយទេ។ តែទោះជាយ៉ាងណា លោក Trump ធ្លាប់ប្រឈមនឹងការគំរាមកំហែងដល់អាយុជីវិតពីមុន ក្នុងនោះរួមទាំងការប៉ុនប៉ងធ្វើឃាត ២លើក ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤។ ការស៊ើបអង្កេតកំពុងមាន៕
