នៅថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថា «ច្បាប់ប្រើកម្លាំង» កំពុងរីករាលដាល ខណៈដែលអ្នកមានឥទ្ធិពលជាន់ឈ្លីច្បាប់អន្តរជាតិ ហើយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីវាយប្រហារសិទ្ធិមនុស្ស។
នៅឯពិធីបើកសម័យប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Guterres បានលើកឡើងថា៖ «សិទ្ធិមនុស្សកំពុងស្ថិតនៅក្រោមការវាយប្រហារទ្រង់ទ្រាយធំ នៅជុំវិញពិភពលោក។ នីតិរដ្ឋកំពុងត្រូវបានគ្របដណ្ដប់ដោយច្បាប់ប្រើកម្លាំង»។
ប្រមុខ UN រូបនេះ បានសង្កត់ធ្ងន់ថា៖ «ការវាយប្រហារនេះមិនមែនកើតឡើងជាស្រមោល ឬដោយមិននឹកស្មានដល់នោះឡើយ។ តែវាកំពុងកើតឡើងដោយមើលឃើញយ៉ាងច្បាស់ ហើយជារឿយៗ ត្រូវបានដឹកនាំដោយអ្នកដែលមានឥទ្ធិពលបំផុត»។
បើទោះជាលោកមិនបានលើកករណីលម្អិតជាក់លាក់ក៏ដោយ ក៏លោកបានបង្ហាញកំហឹង ចំពោះសង្គ្រាមដែលកំពុងបន្តមានរបស់រុស្ស៊ី នៅអ៊ុយក្រែន ជាកន្លែងដែលលោកបាននិយាយថា ជនស៊ីវិលជាង ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សារយៈពេល ៤ឆ្នាំ។ លោកបាននិយាយថា៖ «ការបង្ហូរឈាមគួរត្រូវបានបញ្ចប់ជាយូរមកហើយ»។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពី «ការរំលោភបំពានយ៉ាងច្បាស់លាស់លើសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូររបស់មនុស្ស និងច្បាប់អន្តរជាតិ នៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ផងដែរ»៕