ប្រមុខអង្គការសហប្រជាជាតិ(UN)បានព្រមាននៅថ្ងៃចន្ទនេះថា សិទ្ធិមនុស្សបានរងការវាយប្រហារនៅទូទាំងពិភពលោក ដោយរូបលោកបានលើកឡើងពីការបំពានទ្រង់ទ្រាយធំលើច្បាប់អន្តរជាតិ និងការរងគ្រោះដ៏ធ្ងន់ធ្ងររបស់ជនស៊ីវិលនៅស៊ូដង់ ហ្កាហ្សា និងអ៊ុយក្រែន ។
ថ្លែងនៅពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស អគ្គលេខាធិការ UNលោក Antonio Guterres និយាយថា វិធាននៃច្បាប់ ត្រូវបានគ្របដណ្តប់ដោយវិធាននៃកម្លាំង ។
លោកថា សិទ្ធិមនុស្សត្រូវបានរុញច្រានឲ្យថយក្រោយដោយចេតនា ហើយលោកបានជំរុញឲ្យរដ្ឋជាសមាជិកមិនត្រូវមើលសិទ្ធិមនុស្សអន្តរជាតិថា ជាបញ្ជីរាយនាមមុខម្ហូបត្រូវជ្រើសរើសនោះទេ ។
លោក Guterres បាននិយាយការពារដល់ប្រព័ន្ធសិទ្ធិមនុស្សរបស់ UN ដែលស្ថិតក្នុងរបៀបរស់រាន ដោយសារការកាត់ផ្តាច់មូលនិធិ ការវាយប្រហារលើក្រុមអ្នកជំនាញមួយចំនួនរបស់ពួកគេ ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីយន្តការមួយក្នុងចំណោមយន្តការទទួលខុសត្រូវលើសិទ្ធិសកលសំខាន់ៗរបស់ពួកគេ ។ លោកបន្តថា តម្រូវការមនុស្សធម៌កំពុងកើនឡើងយ៉ាងខ្លាំង ខណៈដែលមូលនិធិបានដួលរលំ ។
ការិយាល័យសិទ្ធិមនុស្ស UN ដូចគ្នានឹងការិយាល័យផ្សេងទៀតដែររបស់អង្គការមួយនេះ ប្រឈមនឹងវិបត្តិថវិកា បន្ទាប់ពីការសម្រេចចិត្តកាន់បន្ថយមូលនិធិដោយសហរដ្ឋអាមេរិក ដែលជាប្រទេសបរិច្ចាគសំខាន់ចំពោះ UN ក៏ដូចជារដ្ឋាភិបាលដទៃទៀត ៕