លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ២៣កុម្ភៈសប្ដាហ៍នេះ បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោក ឲ្យមានបទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងគ្មានលក្ខខណ្ឌនៅក្នុងប្រទេសអ៊ុយក្រែន ជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ យូរអង្វែង និងទូលំទូលាយ ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនៅតែអូសបន្លាយ បានចូលដល់រយៈពេល៤ឆ្នាំគត់នៅថ្ងៃ២៤កុម្ភៈ២០២៦នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងឱកាសខួបលើកទីបួននៃការចាប់ផ្តើមវិបត្តិអ៊ុយក្រែន ២៤កុម្ភៈ២០២២ ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា វិបត្តិនេះ គឺជាស្នាមប្រឡាក់លើស្មារតីរួមរបស់ពួកលោក ហើយនៅតែជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
លោកបាននិយាយថា វិបត្តិកាន់តែអូសបន្លាយ វាកាន់តែឃោរឃៅ ដោយជនស៊ីវិលទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
លោក Guterres បានកត់សម្គាល់ថា ដើម្បីឱ្យសន្តិភាពមានយុត្តិធម៌ វាត្រូវតែស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធ ដោយគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
លោកបន្តថា អង្គការសហប្រជាជាតិនៅតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកគោលដៅនេះ៕

