នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney នឹងធ្វើទស្សនកិច្ចទៅកាន់ទ្វីបអាស៊ីនៅសប្តាហ៍នេះ ដើម្បីស្វែងរកការពង្រីកពាណិជ្ជកម្មអន្តរជាតិ ជាផ្នែកមួយនៃផែនការរបស់លោក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់កាណាដាលើសហរដ្ឋអាមេរិក ដែលលោកនិយាយថា បានធ្វើឱ្យប្រទេសលោកងាយរងគ្រោះ។

លោក Carney នឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ទៅកាន់ប្រទេសឥណ្ឌា ជាទីចតដំបូងក្នុងដំណើរទស្សនកិច្ចចំនួនបីប្រទេស រួមមានទាំងប្រទេសអូស្ត្រាលី និងជប៉ុន។ លោក Carney បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសពីដំណើរទស្សនកិច្ចនេះថា «នៅក្នុងពិភពលោកដែលមិនប្រាកដប្រជា ប្រទេសកាណាដា ផ្តោតសំខាន់លើអ្វីដែលយើងអាចគ្រប់គ្រងបាន»។

លោក Carney និយាយថា «យើងកំពុងបង្កើតភាពជាដៃគូថ្មីនៅបរទេស ដើម្បីបង្កើតភាពប្រាកដប្រជា សន្តិសុខ និងវិបុលភាពកាន់តែច្រើននៅក្នុងស្រុក»។ សណ្តាប់ធ្នាប់សកលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងថយចុះបន្តិចម្តងៗ ហើយប្រទេសកាណាដា នឹងមិនរំពឹងថាប្រព័ន្ធចាស់នឹងវិលត្រឡប់ទៅវិញនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ចាកចេញពីតំណែងនោះទេ។
ការដំឡើងពន្ធរបស់លោក Trump លើរថយន្ត អាលុយមីញ៉ូម ឈើ និងដែកថែប កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសកាណាដា។