អគ្គមេបញ្ជាការរបស់អ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) ថា អ៊ុយក្រែន បានដណ្ដើមការគ្រប់គ្រងឡើងវិញនូវទឹកដីទំហំ ៤០០គីឡូម៉ែត្រក្រឡា រួមទាំងទីតាំងទីឈរជើងចំនួន ៨កន្លែង នៅតាមបណ្តោយផ្នែកមួយនៃសមរភូមិជួរមុខទិសខាងត្បូង ចាប់តាំងពីចុងខែមករា ឆ្នាំ២០២៦នេះមក។

ជ័យជម្នះដ៏កម្រក្នុងសមរភូមិនៅតំបន់ Dnipropetrovsk ភាគអាគ្នេយ៍របស់អ៊ុយក្រែន គឺផ្ទុយពីនិន្នាការទូលំទូលាយនៃការរុលទៅមុខយឺតៗនិងបង់ខាតច្រើនរបស់រុស្ស៊ី នៅទូទាំងជួរមុខក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមក នៅពេលសង្គ្រាមបានចូលដល់ខួបលើកទីបួនរបស់ខ្លួននៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ នេះ។

អ៊ុយក្រែនមានបំណងបង្ហាញពិភពលោក ជាពិសេសបង្ហាញប្រាប់លោកប្រធានាធិបតីអាមេរិក Donald Trump ថា ខ្លួនមិនមែនកំពុងបាត់បង់ជំហរក្នុងការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនោះទេ ក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោន ដាក់សម្ពាធលើអ៊ុយក្រែន ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព។

សេចក្តីថ្លែងការណ៍របស់លោក Syrskyi មិនបានបញ្ជាក់ឱ្យច្បាស់ឡើយថា តើទឹកដីដែលទើបទទួលបានថ្មីនេះ ជាទឹកដីធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់រុស្ស៊ី ឬក៏ជាទឹកដីដែលស្ថិតក្នុងតំបន់ «តំបន់ប្រផេះ» ពោលគឺទឹកដីមិនត្រូវបានគ្រប់គ្រងពេញលេញដោយភាគីណាមួយឡើយ។ ខ្សែប្រយុទ្ធនៅអ៊ុយក្រែនកាន់តែមិនច្បាស់លាស់ ខណៈយានដ្រូនរាប់ពាន់គ្រឿងហោះហើរនៅពាសពេញផ្ទៃលើមេឃជារៀងរាល់ថ្ងៃ ដោយរុញច្រានទាហានឱ្យចូលទៅក្នុងតំបន់លាក់ខ្លួន ដែលមានន័យថា មានតំបន់ប្រផេះជាច្រើន ដែលកងទ័ពទាំងពីរមិនមានការគ្រប់គ្រងពេញលេញ៕