កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃចន្ទ (២៣ កុម្ភៈ) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាលើពន្ធសន្តិសុខជាតិថ្មី លើឧស្សាហកម្មចំនួន ៦វិស័យ បន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការកំពូល កាលពីសប្តាហ៍មុន ដែលបានធ្វើឱ្យពន្ធសកលរបស់លោកក្នុងអាណត្តិទីពីរនេះ មិនមានសុពលភាព។

របាយការណ៍នេះបានរាយការណ៍ដោយដកស្រង់ប្រភពដែលដឹងផែនការនេះថា ពន្ធសន្តិសុខជាតិថ្មី ដែលនឹងត្រូវដាក់ចេញក្រោមមាត្រា ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២ នឹងជាពន្ធដាច់ដោយឡែក ពីការយកពន្ធសកល ១៥% ដែលលោក Trump បានប្រកាសកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។
គួរឱ្យដឹងថា កាលពីសប្តាហ៍មុន តុលាការកំពូលអាមេរិក បានលុបចោលពន្ធគយយ៉ាងទូលំទូលាយរបស់លោក Trump ដែលលោកបានអនុវត្តក្រោមច្បាប់មួយទាក់ទងនឹងគ្រាអាសន្នជាតិ។ ជាការឆ្លើយតប លោក Trump បានដាក់ពន្ធបណ្តោះអាសន្នចំនួន ១០% លើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ពីគ្រប់ប្រទេសទាំងអស់ ប៉ុន្តែក្រោយមកក៏បានដំឡើងពន្ធសកលនោះដល់អត្រា ១៥%។
របាយការណ៍ WSJ បានបន្ថែមថា ការយកពន្ធផ្នែកសន្តិសុខជាតិថ្មីទាំងនេះ អាចគ្របដណ្តប់លើឧស្សាហកម្មមួយចំនួនដូចជា វិស័យអាគុយទ្រង់ទ្រាយធំ វិស័យគ្រឿងដែកផ្សេងៗ វិស័យបំពង់ជ័រប្លាស្ទិក វិស័យសារធាតុគីមីឧស្សាហកម្ម ព្រមទាំងវិស័យបណ្តាញអគ្គិសនី និងឧបករណ៍ទូរគមនាគមន៍ជាដើម៕

