សភារបស់កោះតៃវ៉ាន់ គ្រោងពិភាក្សាអំពីសេចក្តីព្រាងច្បាប់មួយដែលកំពុងតែជាប់គាំង របស់រដ្ឋាភិបាលកោះនេះ នាចុងសប្តាហ៍ក្រោយ ជុំវិញថវិកាការពារជាតិពិសេសចំនួន ៤០ ពាន់លានដុល្លារ ដែលត្រូវបានរារាំងដោយការជំទាស់របស់គណបក្សប្រឆាំង និងបានទាក់ទាញការព្រួយបារម្ភពីសមាជិកសភាសហរដ្ឋអាមេរិក។

កាលពីឆ្នាំមុន មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានស្នើឱ្យមានការចំណាយបន្ថែមលើវិស័យការពារជាតិ ដើម្បីទប់ទល់នឹងឥទ្ធិពលប្រទេសចិន ដែលបានបង្កើនសម្ពាធយោធា ដើម្បីបង្ខំឱ្យកោះនេះទទួលយកការអះអាងអធិបតេយ្យភាពរបស់ខ្លួន។ ប៉ុន្តែបក្សប្រឆាំងរបស់កោះតៃវ៉ាន់ ដែលមានសំឡេងភាគច្រើនក្នុងសភា បានបដិសេធមិនពិនិត្យសំណើនេះទេ ហើយជំនួសមកវិញ បានលើកសំណើផ្ទាល់ខ្លួនដែលមានតម្លៃថោកជាងនេះ ដែលផ្តល់មូលនិធិសម្រាប់ការទិញអាវុធអាមេរិកមួយចំនួនប៉ុណ្ណោះ។
គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលជាបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ និងបក្សគួមីនតាំង ដែលជាបក្សប្រឆាំងដ៏សំខាន់ ព្រមទាំងបក្សប្រជាជនតៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់បក្សគួមីនតាំង បានឯកភាពកំណត់ពេលពិភាក្សាលើសំណើថវិកាការពារជាតិនោះ នៅថ្ងៃទី៦ ខែមីនា នេះបើតាមរូបភាពនៃកិច្ចព្រមព្រៀងដែលបានបង្ហោះទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
កាលពីដើមខែកុម្ភៈនេះ ក្រុមសមាជិកសភាអាមេរិកចំនួន ៣៧ រូប ដែលមកពីគណបក្សទាំងពីរ បានផ្ញើលិខិតទៅកាន់អ្នកនយោបាយជាន់ខ្ពស់កោះតៃវ៉ាន់ ដើម្បីសម្តែងក្ដីបារម្ភរបស់ខ្លួនអំពីការពន្យារពេលលើសំណើចំណាយលើការការពារជាតិនោះ៕

