សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើក្រុមថ្មីនៃបុគ្គលជនជាតិរុស្ស៊ីចំនួនប្រាំបីនាក់ដែលសង្ស័យថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបគឺប្រទេសហុងគ្រី បានប្រើសិទ្ធវ៉េតូចំពោះទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូនិងរារាំងប្រាក់កម្ចីដ៏សំខាន់សម្រាប់អ៊ុយក្រែននៅមុនថ្ងៃខួបបួនឆ្នាំនៃសង្គ្រាម។ ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃចន្ទបាននិយាយថា បុគ្គលទាំងនោះជាសមាជិកនៃប្រព័ន្ធតុលាការដែលទទួលខុសត្រូវចំពោះការកាត់ទោសសកម្មជនរុស្ស៊ីដ៏លេចធ្លោលើបទចោទប្រកាន់ជំរុញហេតុផលដោយផ្នែកនយោបាយ ។

ក្រោមទណ្ឌកម្មនេះ បុគ្គលទាំងនោះត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅ ឬឆ្លងកាត់សហភាពអឺរ៉ុប ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កក ហើយពលរដ្ឋនិងក្រុមហ៊ុនសហភាពអឺរ៉ុបត្រូវបានហាមឃាត់មិនឱ្យផ្តល់មូលនិធិដល់ពួកគេ។ រហូតមកដល់ពេលនេះ បុគ្គលចំនួន៧២នាក់បានទទួលរងដោយវិធានការស្រដៀងគ្នា រួមទាំងសមាជិកនៃប្រព័ន្ធតុលាការ មន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីជនជាន់ខ្ពស់នៅក្នុងបណ្តាញពន្ធនាគាររបស់រុស្ស៊ី។

ការប្រកាស បានធ្វើឡើងខណៈប្លុកនេះបានបរាជ័យក្នុងការព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី២០ ដែលដាក់គោលដៅលើអាជ្ញាធររុស្ស៊ីកាន់តែទូលំទូលាយ និងប្រាក់កម្ចីចំនួន១០៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន។ ប្រទេសហុងគ្រី ជារដ្ឋសហភាពអឺរ៉ុប និងជាមិត្តជិតស្និតបំផុតបំផុតជាមួយវិមានក្រឹមឡាំង បានប្រើសិទ្ធិវ៉េតូវិធានការនេះ ដែលតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទនៅក្នុងប្លុកអឺរ៉ុប បន្ទាប់ពីបានអះអាងថា ទីក្រុងគីវកំពុងពន្យារពេលការចាប់ផ្តើមលំហូរប្រេងរបស់រុស្ស៊ីឡើងវិញតាមរយៈបំពង់បង្ហូរប្រេងសម័យសូវៀត។ ទីក្រុងគីវនិយាយថា បំពង់បង្ហូរប្រេង Druzhba ដែលបញ្ជូនប្រេងរបស់រុស្ស៊ីឆ្លងកាត់ទឹកដីអ៊ុយក្រែនទៅកាន់អឺរ៉ុប ត្រូវបានបំផ្លាញកាលពីមួយខែមុនដោយការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី ហើយខ្លួនកំពុងជួសជុលវាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។