ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះ នៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។
យុទ្ធនាការជាតិ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, និងលោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី វេជ្ជបណ្ឌិត Foroogh Foyouzat តំណាងអង្គការ UNICEF ប្រចាំកម្ពុជា។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មកដល់ខែមីនា ឆ្នាំ២០២២នេះ គឺរយៈពេលជាងពីរឆ្នាំហើយដែលយើងបានប្រកៀកស្មារួបរួមគ្នា ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ-១៩ ក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងទទួលបានជោគជ័យជាទីមោទនៈ។ ប៉ុន្ដែវីរុសកូវីដ-១៩ ជាប្រភេទវីរុសដែលងាយបំប្លែងខ្លួនថ្មី ធ្វើឲ្យវាមានលទ្ធភាពអាចបន្តការរាតត្បាតលើសកលលោក។
អង្គការសុខភាពពិភពលោកបានទទួលស្គាល់ទោះបីអត្រាស្លាប់នៃជំងឺកូវីដ-១៩ បានថយចុះ ហើយប្រទេសមួយចំនួនក្នុងពិភពលោកបានបន្ធូរបន្ថយការអនុវត្តវិធានការសុខាភិបាលក៏ដោយ ក៏ការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ អាចនៅវែងឆ្ងាយទៀតជាពិសេសជាមួយវត្តមានវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ដែលសព្វថ្ងៃនេះ កំពុងតែរាតត្បាតនៅលើពិភពលោកនៅឡើយ។ ដូច្នេះការកែរប្រែឥរិយាបទទម្លាប់រស់នៅពីទម្លាប់ចាស់ មករស់នៅតាមគន្លងប្រកតីភាពថ្មី របស់បុគ្គល គ្រួសារ និងសហគមន៍ដោយនិរន្តរភាពពិតជាមានសារៈសំខាន់ណាស់ ហើយជាក់ស្តែងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាជនយើងក៏បានផ្លាស់ប្តូរទម្លាប់មករស់នៅក្នុងគន្លងប្រតីភាពថ្មីហើយដែរ ដូចជាការអនុវត្ត ៣ការពារ៖ ការពាក់ម៉ាស់ រក្សាគម្លាត លាងសម្អាតដៃ ៣កុំ៖ កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងបានចូលរួមយ៉ាងផុសផុលក្នុងការទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសឈានមុខដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ច្រើនជាងគេដល់ប្រជាជន។
ជាមួយគ្នានោះលោកស្រី វេជ្ជបណ្ឌិត លី អាយលែន បានសង្កត់ធ្ងន់ថា ក្នុងដំណើរឆ្ពោះទៅមុខ យើងត្រូវបន្តកសាងបន្ថែមលើភាពជោគជ័យនេះ។ យើងត្រូវបន្តវិនិយោគលើប្រព័ន្ធសុខាភិបាល និងកសាងសមត្ថភាពបុគ្គលិកថែទាំសុខភាព និងសមត្ថភាពសហគមន៍។ ខណៈដែលជំងឺកូដ-១៩ ជាសោកនាដកម្មសាកលមួយ ជំងឺកូវីដ-១៩ គ្រោះមហន្តរាយនេះក៏បង្កើតជាឱកាសផងដែរ។ ឱកាសទាំងនោះ រួមមានឱកាសក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងប្រព័ន្ធតាមដានជំងឺ និងឱកាសធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូលសម្រាប់ការឆ្លើយតបនាពេលបច្ចុប្បន្ន និងសម្រាប់គ្រាអាសន្នសុខភាពសាធារណៈនាពេលអនាគត៕អត្ថបទ រដ្ឋា






