សមាជិកសភាគណបក្សកាន់អំណាច លោក Jorge Arreaza បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈថា មនុស្សជិត២.២០០នាក់ត្រូវបានដោះលែងពីពន្ធនាគារប្រទេសវ៉េណេស៊ុយអេឡា ឬការរឹតបន្តឹងផ្នែកច្បាប់ផ្សេងទៀតត្រូវបានដកចេញ ចាប់តាំងពីការចាប់ផ្តើមនៃច្បាប់លើកលែងទោសថ្មី ។

ច្បាប់ ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន ត្រូវបានរិះគន់ដោយអង្គការសិទ្ធិមនុស្ស ដោយនិយាយថាវាមិនគ្រប់គ្រាន់ក្នុងការផ្តល់ការអនុគ្រោះដល់អ្នកទោសនយោបាយរាប់រយនាក់។ វាផ្តល់ការលើកលែងទោសសម្រាប់ការចូលរួមក្នុងការតវ៉ានផ្នែកយោបាយ និង «សកម្មភាពហិង្សា» ក្នុងអំឡុងខែជាក់លាក់ចន្លោះឆ្នាំ ២០០២ និងឆ្នាំ២០២៥ ប៉ុន្តែពុំបានបញ្ជាក់លម្អិតអំពីឧក្រិដ្ឋកម្មពិតប្រាកដដែលមានសិទ្ធិទទួលបាននោះទេ។

ទោះបីជារដ្ឋាភិបាលតែងតែច្រានចោលថាមិនបានឃុំខ្លួនអ្នកទោសនយោបាយនិងបាននិយាយថាអ្នក ទាំងឡាយដែលបានជាប់ពន្ធនាគារបានប្រព្រឹត្តបទឧក្រិដ្ឋក៏ដោយ ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានដោះលែងមនុស្សរាប់រយនាក់ដែលក្រុមសិទ្ធិមនុស្សចាត់ថ្នាក់ថាជាអ្នកទោសនយោបាយមុនពេលអនុម័តច្បាប់នេះ។ កិច្ចខិតខំប្រឹងប្រែង ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃកញ្ចប់កិច្ចព្រមព្រៀងដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានលក្ខណៈប្រក្រតីឡើងវិញបន្ទាប់ពីការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro កាលពីខែមករា។
ក្រុមប្រឆាំង និងក្រុមសិទ្ធិមនុស្សរបស់ប្រទេសវ៉េណេស៊ុយអេឡា បាននិយាយជាច្រើនឆ្នាំមកហើយថា រដ្ឋាភិបាលប្រើប្រាស់ការឃុំខ្លួនដើម្បីបង្ក្រាបការប្រឆាំង។ អ្នកដែលត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាអាចត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ឬត្រូវបានតម្រូវឱ្យរាយការណ៍ជាប្រចាំទៅកាន់នគរបាល ឬតុលាការ ។