ប្រទេសជិត ២០ សម្ព័ន្ធរដ្ឋអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានរួមគ្នាថ្កោលទោសចំពោះការសម្រេចចិត្តថ្មីៗរបស់អ៊ីស្រាអែលក្នុងការពង្រីកការគ្រប់គ្រងខុសច្បាប់លើតំបន់វេសបែង( West Bank)។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនានា រួមមានអារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងហ្ស៊កដានី ក្នុងចំណោមប្រទេសដទៃទៀត រួមជាមួយអគ្គលេខាធិការនៃអង្គការក្នុងតំបន់ បានថ្កោលទោសចំពោះវិធានការមួយចំនួន ដែលពួកគេបាននិយាយថា នឹងចាត់ថ្នាក់ដីប៉ាឡេស្ទីនឡើងវិញជា «ដីរដ្ឋ» របស់អ៊ីស្រាអែល បង្កើនល្បឿនសកម្មភាពតាំងទីលំនៅ និងពង្រឹងរដ្ឋបាលអ៊ីស្រាអែលបន្ថែមទៀត នៅក្នុងទឹកដីដែលប្រទេសនេះគ្រប់គ្រង។

សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការតាំងទីលំនៅ និងការសម្រេចចិត្តពាក់ព័ន្ធរបស់អ៊ីស្រាអែល បង្កើតបានជា «ការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ» រួមទាំងសេចក្តីសម្រេចដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
យោងតាមសេចក្តីថ្លែងការណ៍ វិធានការទាំងនេះ គឺជាផ្នែកមួយនៃគន្លងមួយដែលមានគោលបំណងផ្លាស់ប្តូរការពិតជាក់ស្តែង ដោយជំរុញ «ការដាក់បញ្ចូលទឹកដីដែលមិនអាចទទួលយកបាន» និងធ្វើឲ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលកែប្រែការសម្រេចចិត្តទាំងនោះជាបន្ទាន់ គោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងជៀងវាងសកម្មភាពដែលនឹងផ្លាស់ប្តូរជាអចិន្ត្រៃយ៍នូវស្ថានភាពផ្លូវច្បាប់ និងរដ្ឋ បាលនៃទឹកដីប៉ាឡេស្ទីន៕