អាជ្ញាធរស៊ីរីបានរាយការណ៍ថា បុគ្គលិកសន្តិសុខ ៤នាក់ បានស្លាប់ និង ២នាក់ រងរបួស ក្នុងអំឡុងពេលវាយប្រហារលើចំណុចត្រួតពិនិត្យមួយរបស់រដ្ឋាភិបាល ក្នុងទីក្រុង Raqqa ដែលមានទីតាំងនៅភាគឦសាននៃប្រទេសនេះ កាលពីថ្ងៃចន្ទ។

កងកម្លាំងសន្តិសុខផ្ទៃក្នុង បាននិយាយថា អ្នកវាយប្រហារម្នាក់ ត្រូវបានសម្លាប់ ហើយអង្គភាពសន្តិសុខកំពុងធ្វើការបោសសម្អាតតំបន់ជុំវិញយ៉ាងហ្មត់ចត់ ដើម្បីកំណត់អត្តសញ្ញាណ និងកម្ចាត់សមាជិកដែលនៅសេសសល់របស់ក្រុមដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី។

នេះគឺជាការវាយប្រហារដោយហិង្សាលើកទី២ នៅក្នុងតំបន់ក្នុងរយៈពេល ៤៨ម៉ោង ដែលផ្តោតលើកងកម្លាំងសន្តិសុខផ្ទៃក្នុង។ ចំណុចត្រួតពិនិត្យដូចគ្នានេះ ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបាន បណ្តាលឲ្យមានប្រតិបត្តិការមួយផ្សេងទៀត ត្រូវបានទប់ស្កាត់ ដូចដែលបានរាយការណ៍ដោយ SANA។
ទីក្រុង Raqqa បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមភេរវករដេស ( Daesh) ពីឆ្នាំ ២០១៤ ដល់ ២០១៧។ ទីក្រុងនេះ ត្រូវបានចាត់ទុកថា ជារដ្ឋធានីរបស់ក្រុមនេះ។
កងកម្លាំងរដ្ឋាភិបាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី បានគ្រប់គ្រងតំបន់នេះឡើងវិញ នៅក្នុងខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ និងការធ្វើសមាហរណកម្មជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃើដ៕