អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Dmitry Lyubinsky បានថ្លែងនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមមិត្តភក្តិ ដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា ទីក្រុងមូស្គូជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនដោះលែងប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកជាបន្ទាន់។

លោកបាននិយាយថា៖«យើងសូមអំពាវនាវយ៉ាងមុតមាំឲ្យទីក្រុងវ៉ាស៊ីនតោនដោះលែងប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកជាបន្ទាន់។ យើងឈរយ៉ាងរឹងមាំចំពោះការគោរពអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា និងការដោះស្រាយដោយសន្តិវិធីនូវភាពខ្វែងគំនិតគ្នាទាំងអស់»។

លោកបានសង្កត់ធ្ងន់ថា ការឈ្លានពានប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី ០៣ ខែមករា នៅពេលដែលមនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ និងប្រធានាធិបតីស្របច្បាប់របស់ប្រទេសនេះ ត្រូវបានចាប់ពង្រត់ «គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។
លោក Lyubinsky បានសង្កត់ធ្ងន់ថា៖«ការសងសឹកក្រៅប្រព័ន្ធតុលាការនៅសមុទ្រការ៉ាអ៊ីប ដែលបាន បណ្តាលមកពីការបាញ់ពន្លិចនាវាជាច្រើនគ្រឿងដោយជនជាតិអាមេរិក ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន គឺមិនអាចទទួលយកបានដូចគ្នា»។
យោងតាមប្រមុខការទូតរុស្ស៊ីរូបនេះ វិធានការបង្ខិតបង្ខំឯកតោភាគីប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយ កំពុងមានទម្រង់ស្មុកស្មាញកាន់តែខ្លាំងឡើង»៕