យោធាអាមេរិក បានប្រកាសពីការវាយប្រហារមួយផ្សេងទៀតនៅសមុទ្រការ៉ាអ៊ីប ដែលខ្លួននិយាយថា ផ្តោតលើអ្នករត់ពន្ធគ្រឿងញៀន និងបានសម្លាប់មនុស្ស ៣នាក់។ បញ្ជាការភាគខាងត្បូងនៃយោធាអាមេរិក (SOUTHCOM) បានចែករំលែកវីដេអូនៃការវាយប្រហារកាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) ដែលបង្ហាញឱ្យឃើញទូកតូចមួយគ្រឿងបានផ្ទុះឆេះ បន្ទាប់ពីការវាយប្រហារ។

SOUTHCOM បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមចារកម្មសម្ងាត់បញ្ជាក់ថា ទូកនេះកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់ ក្នុងតំបន់ការ៉ាអ៊ីប ហើយបានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀន»។ សេចក្តីថ្លែងការណ៍បន្តថា «ភេរវករគ្រឿងញៀនភេទប្រុស ៣នាក់ ត្រូវបានសម្លាប់ និងពុំមានកងកម្លាំងយោធាអាមេរិកណាម្នាក់រងគ្រោះថ្នាក់ឡើយ»។

ការវាយប្រហារចុងក្រោយបំផុតនេះ ធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងយុទ្ធនាការយោធារបស់អាមេរិក លើទូកសង្ស័យថារត់ពន្ធគ្រឿងញៀន បានឡើងដល់ប្រហែល ១៥០នាក់។ ការវាយប្រហារបានចាប់ផ្តើមដំបូងក្នុងខែកញ្ញា ឆ្នាំមុន ខណៈអាមេរិក បង្កើនទ្រព្យសម្បត្តិយោធារបស់ខ្លួននៅក្នុងតំបន់ការ៉ាអ៊ីប ស្របពេលមានភាពតានតឹងជាមួយវ៉េណេស៊ុយអេឡា។ ចាប់តាំងពីពេលនោះមក ការវាយប្រហារបានពង្រីកដល់ការកំណត់គោលដៅលើទូកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតផងដែរ។
លោកប្រធានាធិបតីអាមេរិក Donald Trump និងមន្ត្រីអាមេរិកដទៃទៀត បានអះអាងដោយមិនផ្តល់ភស្តុតាងថា ការទម្លាក់គ្រាប់បែកនីមួយៗ ជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ពីការស្លាប់ ដោយសារការប្រើគ្រឿងញៀនលើសកម្រិត។ ប៉ុន្តែគេមិនច្បាស់ទេថា តើយុទ្ធនាការទាំងនេះបានជះឥទ្ធិពលកម្រិតណា ដល់ការជួញដូរគ្រឿងញៀនក្នុងតំបន់នោះ៕