អាជ្ញាធរក្រិក និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) ថា មនុស្សប្រហែល ៣០ នាក់ ត្រូវគេបារម្ភថាបានស្លាប់បាត់ទៅហើយ បន្ទាប់ពីទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍ បានក្រឡាប់លិចនៅឆ្នេរកោះ Crete របស់ប្រទេសក្រិក។

ទូកនោះដឹកជនអន្តោប្រវេសន៍ប្រហែល ៥០ នាក់ ហើយបានក្រឡាប់លិចនៅចម្ងាយ ២០ ម៉ាយល៍ណត់ក្នុងសមុទ្រ ពីកំពង់ផែ Kali Limenes ដែលជាចំណុចចុងភាគខាងត្បូងនៅលើកោះ Crete កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ បុរស ៣នាក់ ត្រូវរកឃើញថាបានស្លាប់នៅថ្ងៃដដែលនោះ ហើយសាកសពស្ត្រីម្នាក់ត្រូវបានរកឃើញ ដោយអណ្តែតលើសមុទ្រ កាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរក្រិក បានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃចន្ទថា នាវាដែលឆ្លងកាត់ទីនោះ កំពុងជួយស្វែងរកនៅក្នុងដែនទឹក។
យោងតាមគម្រោងជនអន្តោប្រវេសន៍ដែលបាត់ខ្លួនរបស់អង្គការ IOM បាននិយាយថា «ត្រឹមតែពីរខែប៉ុណ្ណោះ ចូលទៅក្នុងឆ្នាំ២០២៦នេះ យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន ៦០៦នាក់ ត្រូវរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួន តាមបណ្តោយផ្លូវសមុទ្រមេឌីទែរ៉ាណេ»។
ការិយាល័យអង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា នេះគឺជាការចាប់ផ្តើមនៃឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីអង្គការ IOM បានចាប់ផ្តើមកត់ត្រាទិន្នន័យបែបនេះក្នុងឆ្នាំ ២០១៤ មក៕

