ភ្នំពេញ៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញនូវការអាណិតអាសូរ ចំពោះប្រជាជនសាមញ្ញកម្ពុជារាប់ពាន់គ្រួសារនៅក្នុងភូមិសាស្រ្ដខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបាន ដោយសាររងផលប៉ះពាល់ដោយថៃឈ្លានពានទឹកដី ហើយកំពុងបន្តស្នាក់នៅជំរំភៀសសឹកនៅឡើយ។
នៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ៖លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានចូលរួមដំណើរទស្សនកិច្ចផ្ទាល់ពិនិត្យមើលស្ថានការណ៍ព្រំដែន និងសួរសុខទុកពលរដ្ឋភៀសសឹកនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរាជទូតអង់គ្លេសបានថ្លែងថា លោកបានមកដល់ខេត្តបន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ខេត្តបន្ទាយមានជ័យក្នុងខែកុម្ភៈនេះ។
លោកឯកអគ្គរាជទូតអង់គ្លេសបានបន្តថា៖«យើងបានទៅទស្សនាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសខ្លួន និងយើងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន។ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនសាមញ្ញដែលរងផលប៉ះពាល់»។
លោកទូតបានថ្លែងបញ្ជាក់ថា៖«ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន។ នេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ»៕









