នៅថ្ងៃអង្គារ (២៤ កុម្ភៈ) នេះ តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ខែ ដោយពាណិជ្ជករកំពុងវាយតម្លៃហានិភ័យភូមិសាស្ត្រនយោបាយ មុនពេលកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មួយជុំទៀតក្នុងសប្ដាហ៍នេះ ខណៈភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានបន្ថែមក្ដីបារម្ភកាន់តែទូលំទូលាយ។

សន្ទស្សន៍ប្រេងឆៅ Brent បានកើនឡើង ៥៩ សេន ឬ ០,៨% ដល់តម្លៃ ៧២,០៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកលទៀបភ្លឺថ្ងៃអង្គារនេះ ខណៈដែលសន្ទស្សន៍ប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក បានកើនឡើង ៥៧ សេន ឬអត្រា ០,៩% ដល់តម្លៃ ៦៦,៨៨ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅ Brent កំពុងជួញដូរក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំមុនមក ខណៈតម្លៃប្រេងឆៅ WTI ស្ថិតនៅកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
តម្លៃប្រេងបានរង្គោះរង្គើ បន្ទាប់ពីអូម៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា អ៊ីរ៉ង់ និងអាមេរិក នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជុំទីបី នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ។ នៅលើផ្នែកគោលនយោបាយពាណិជ្ជកម្មវិញ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទបានព្រមានប្រទេសនានាកុំឱ្យដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចរចាថ្មីៗនេះជាមួយអាមេរិក បន្ទាប់ពីតុលាការកំពូលលុបចោលពន្ធសកលរបស់លោក ដោយនិយាយថា លោកនឹងយកពន្ធកាន់តែខ្ពស់ក្រោមច្បាប់ពាណិជ្ជកម្មផ្សេងទៀត៕

