ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធរបាយការណ៍ ដែលថា មន្ទីរបញ្ចកោណបារម្ភថា យុទ្ធនាការយោធាដ៏វែងឆ្ងាយប្រឆាំងនឹងអ៊ីរ៉ង់ អាចបង្កឲ្យមានការលំបាក ទោះបីជាលោកបានទទូចកាលពីថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) ថា បំណងរបស់លោកនៅតែចង់សម្រេចបាននូវកិច្ចព្រមព្រៀងការទូតក៏ដោយ។
តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម លោក Trump បានរៀបរាប់ថា៖ «អ្វីគ្រប់យ៉ាងដែលត្រូវបានសរសេរអំពីលទ្ធភាពដែលអាចមានសង្គ្រាម ជាមួយអ៊ីរ៉ង់ ត្រូវបានសរសេរដោយមិនត្រឹមត្រូវ ហើយដោយមានចេតនាសរសេរបែបនោះ។ ខ្ញុំជាអ្នកសម្រេចចិត្ត ខ្ញុំចង់មានកិច្ចព្រមព្រៀងជាជាងមិនមាន ប៉ុន្តែប្រសិនបើយើងមិនធ្វើកិច្ចព្រមព្រៀងទេនោះ វានឹងក្លាយជាថ្ងៃដ៏អាក្រក់មួយ សម្រាប់ប្រទេសនោះ និងជារឿងគួរឲ្យសោកស្ដាយបំផុត សម្រាប់ប្រជាជនរបស់ប្រទេសនោះ»។

ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបដិសេធរបាយការណ៍នៅមុននេះ ក្នុងនោះរួមទាំងពីសារព័ត៌មាន Wall Street Journal ផងដែរ ដែលបានបង្ហាញថា ប្រមុខនាយសេនាធិការចម្រុះ លោក Dan Caine បានគូសបញ្ជាក់ដល់លោក Trump អំពីហានិភ័យនៃការវាយប្រហារបែបនេះ។
តាមរយៈការបង្ហោះនោះ លោក Trump បានបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ ជឿថា ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ នៅកម្រិតយោធា គឺជាអ្វីដែលនឹងទទួលបានជោគជ័យដោយមិនលំបាក។ គាត់មិនបាននិយាយអំពីការមិនធ្វើបែបនេះលើអ៊ីរ៉ង់ ឬសូម្បីតែការវាយប្រហារមានកំណត់ ដូចដែលខ្ញុំបានឃើញនៅលើសារព័ត៌មានឡើយ។ ផ្ទុយទៅវិញ គាត់ដឹងតែរឿងមួយគត់ គឺវិធីយកឈ្នះ ហើយប្រសិនបើគាត់ត្រូវបានប្រាប់ឲ្យធ្វើដូច្នេះ គាត់នឹងដឹកនាំក្រុមប្រតិបត្តិការ»។
យោធាអាមេរិកកំពុងប្រមូលផ្តុំកងកម្លាំងជាច្រើន នៅមជ្ឈិមបូព៌ា ដែលទំនងជាការដាក់ពង្រាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ចាប់តាំងពីការលុកលុយអ៊ីរ៉ាក់ឆ្នាំ២០០៣។ អ្នកការទូតសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្យាយាមចរចាឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីលោក Trump បានដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យចូលរួម ដោយការគំរាមកំហែងមានវិធានការយោធា៕
