លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលប្រារព្ធខួបលើកទី ៤ នៃការចាប់ផ្តើមនៃសង្គ្រាមថា អ៊ុយក្រែនបានការពារឯករាជ្យភាពរបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ហើយនឹងមិនក្បត់ការលះបង់របស់ប្រជាជនរបស់ខ្លួន ក្នុងការស្វែងរកសន្តិភាពនោះទេ។
លោក ហ្សេឡិនស្គី បាននិយាយនៅថ្ងៃអង្គារនេះថា៖«លោក ពូទីន មិនទាន់សម្រេចបានគោលដៅរបស់លោកទេ។ លោកមិនបានបំបែកប្រជាជនអ៊ុយក្រែនទេ។ លោកមិនបានឈ្នះសង្គ្រាមនេះទេ។ យើងបានថែរក្សាអ៊ុយក្រែន ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីសម្រេចបានសន្តិភាព និងធានាបានយុត្តិធម៌»។

លោក ហ្សេឡិនស្គី នឹងស្វាគមន៍ឥស្សរជនមកពីសម្ព័ន្ធមិត្តអឺរ៉ុប រួមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងគីវ នៅពេលល្ងាចនៃថៃ្ងខួប ៤ឆ្នាំ បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ទាហានរាប់រយរាប់ពាន់នាក់របស់ភាគីទាំងពីរ បានស្លាប់ ឬរងរបួស នៅក្នុងជម្លោះដ៏សាហាវបំផុត នៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។ កងកម្លាំងរុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់ និងបានបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែនដោយមីស៊ីល និងការវាយប្រហារដោយយានដ្រូនអស់រយៈពេលជាច្រើនឆ្នាំ។
ការចរចាសន្តិភាពដែលកំពុងបន្តជាមួយរុស្ស៊ី ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ហាក់ដូចជាជាប់គាំង ដោយសារបញ្ហាទឹកដី៕
