បាល់ទាត់៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala គ្រោងនឹងចាកចេញពី Juventus នៅដំណាច់រដូវកាលនេះដោយគ្មានតំលៃផ្ទេរ បន្ទាប់ពីការចរចាកិច្ចសន្យាថ្មីបរាជ័យ។ កិច្ចសន្យារបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ ខណៈការចរចារយៈពេល ២ម៉ោងពេញជាមួយតំណាងក្លិប Juventus រឿងកិច្ចសន្យាថ្មីមិនអាចទៅមុខ។

កន្លងមក Dybala បានទទួលការចាប់អារម្មណ៍ និងធ្វើទំនាក់ទំនងពីក្លិបអង់គ្លេសពីរ Manchester United និង Tottenham Hotspur។ រយៈពេល ៧ឆ្នាំកន្លងមក Paulo Dybala ឈ្នះពានលីគកំពូលអ៊ីតាលី Serie A ប្រាំសម័យជាមួយ Juventus និង Coppa Italia ៤ដងតាំងពីផ្លាស់ពី Palermo នៅឆ្នាំ២០១៥។ របួសបានធ្វើឱ្យ Dybala មិនសូវជាប់ជំរើសដំបូងឡើយរដូវកាលនេះ តែរកបាន ១៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ប្រកួតគ្រប់ក្របខណ្ឌ។ រំលឹកថា កាលពីខែសីហាកន្លងមក Spurs ធ្លាប់ហ៊ានឱ្យថ្លៃ ៦៤.៤លានផោនដើម្បីយក Dybala ពី Juventus តែមិនបានសំរេច៕
អត្ថបទ៖នាង សុភាវុធ