យោធាសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានពង្រឹងវត្តមានរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់ ជុំវិញប្រទេសអ៊ីរ៉ង់ ដែលបង្កើនហានិភ័យនៃការវាយប្រហារដែលអាចកើតមាន ទោះបីជាភាគីទាំង២ កំពុងរៀបចំត្រៀម សម្រាប់កិច្ចពិភាក្សាដ៏សំខាន់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ក៏ដោយ។

កាលពីថ្ងៃចន្ទ នាវាចម្បាំងធំបំផុតរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក គឺ USS Gerald R. Ford បានទៅដល់មូលដ្ឋានកងទ័ពជើងទឹករបស់អង្គការណាតូ (NATO) នៅឈូងសមុទ្រ Souda Bay នៅកោះ Crete របស់ប្រទេសក្រិក។ បន្ទាប់ពីទទួលបានការផ្គត់ផ្គង់ឡើងវិញរយៈពេល ៤ថ្ងៃ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរមួយនេះ ត្រូវបានកំណត់ឲ្យចូលរួមជាមួយនាវា USS Abraham Lincoln ដែលបានទៅដល់តំបន់មជ្ឈិមបូព៌ាកាលពីខែមុន។ នេះជាលើកទី២ ហើយដែលសហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្តហោះចំនួន ២គ្រឿង ទៅកាន់តំបន់នេះ ដែលលើកចុងក្រោយ គឺនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលមានប្រតិបត្តិការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ទោះបីជាមានកងកម្លាំងយោធាទាំងនេះក៏ដោយ ក៏ប្រមុខសេនាធិការចម្រុះសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Dan Caine ត្រូវបានគេរាយការណ៍ថា បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថា យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់អាចនាំឲ្យមានជម្លោះដ៏យូរអង្វែង។ តែលោក Trump កាលពីថ្ងៃចន្ទ បានបដិសេធរបាយការណ៍ទាំងនោះ ដោយបញ្ជាក់នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា វាគឺជារឿង «មិនត្រឹមត្រូវ ១០០ភាគរយ» ដែលថា លោក Caine «ប្រឆាំងនឹងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់»។

