ព្យុះព្រិលបានវាយប្រហារតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ដោយនាំមកជាមួយព្រិលធ្លាក់ជាប់កំណត់ត្រា បង្កការរំខានដល់មនុស្សរាប់លាននាក់ ហើយជើងហោះហើររាប់ពាន់វ៉ុល ត្រូវបានលុបចោល ។
សេវាកម្មឧតុនិយមជាតិអាមេរិកនិយាយថា តំបន់ជាច្រើនក្នុងរដ្ឋ Rhode Island និងរដ្ឋ Massachusetts បានមើលឃើញព្រិលធ្លាក់កម្រាស់ ៩៤សង់ទីម៉ែត្រ ។
ទីភ្នាក់ងាររដ្ឋមួយនេះ បានព្រមានថា មាននូវស្ថានភាពធ្វើដំណើរមិនអាចទៅរួចនៅក្នុងទីក្រុងញូយ៉ក ។ ផ្ទះសម្បែងប្រជាពលរដ្ឋ និងអគារធុរកិច្ចជាង ៦០ម៉ឺនកន្លែងនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក គ្មានចរន្តអគ្គិសនីប្រើប្រាស់ ក្នុងនោះរដ្ឋ New Jersey និងរដ្ឋ Massachusetts រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ។

ការព្រមានព្យុះរដូវរងា ត្រូវបានដាក់ ចាប់ពីរដ្ឋ North Carolina និងរដ្ឋភាគខាងជើង Maine ក្នុងនោះការព្រមាន បានធ្វើឡើងផងដែរនៅតំបន់មួយចំនួន នៅភាគខាងកើតប្រទេសកាណាដា ។
រដ្ឋ Rhode Island ដែលជារដ្ឋតូចជាងគេបំផុតរបស់សហរដ្ឋអាមេរិក ទំនងជាមានព្រិលធ្លាក់ខ្លាំងជាងគេបំផុត អំឡុងព្យុះព្រិលនេះ ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា វាបានក្លាយជាព្យុះព្រិលដ៏អាក្រក់បំផុត ពុំធ្លាប់ដែលវាយប្រហាររដ្ឋមួយនេះ ៕
