នគរបាលនិយាយថា ហេតុការណ៍ផ្ទុះនៅក្រៅស្ថានីយរថភ្លើងមួយកន្លែង ស្ថិតក្នុងទីក្រុងមូស្គូនាព្រឹកថ្ងៃអង្គារនេះ បានសម្លាប់មនុស្ស ២នាក់ រួមទាំងមន្រ្តីនគរបាលម្នាក់ផងដែរ ហើយជនសង្ស័យត្រូវបានគេមានជំនឿថា បានបង្កប់គ្រឿងផ្ទុះ ។

នគរបាលនិយាយថា ក្រុមស៊ើបអង្កេតបានពិនិត្យមើលរូបភាពវីដេអូឃ្លីបឃើញជនសង្ស័យមកជិតរថយន្តនគរបាល ចតនៅក្រៅស្ថានីយរថភ្លើង Savyolovsky ស្ថិតនៅភាគកណ្តាលទីក្រុងមូស្គូ រួចដាក់គ្រឿងផ្ទុះនៅទីនោះ ។
មន្រ្តីនគរបាល ២នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនេះ ហើយក្រុមនគរបាល ពុំបានពន្យល់ពីមូលហេតុនៅពីក្រោយឧបទ្ទេវហេតុមួយនេះឡើយ ។
ករណីព្រហ្មទណ្ឌ ត្រូវបានបើកប្រឆាំងនឹងជនល្មើស សម្រាប់ការប៉ុនសម្លាប់មន្រ្តីអនុវត្តច្បាប់ ហើយនិងការចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងផ្ទុះ ។
ក្រសួងមហាផ្ទៃរុស្ស៊ី បានរាយការណ៍ដំបូងថា ជនវាយប្រហារជាមនុស្សប្រុស បានរត់គេចចេញពីកន្លែងកើតហេតុ ប៉ុន្តែក្រោយមក ពួកគេនិយាយថា ជនល្មើសរូបនោះ បានស្លាប់នៅកន្លែងកើតហេតុ ។
មន្រ្តីនគរបាល ២នាក់ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានរបួសជាច្រើន បន្ទាប់ពីហេតុការណ៍ផ្ទុះនេះ ។ ចំណែកឯមន្រ្តីនគរបាលដែលត្រូវបានសម្លាប់ មានឈ្មោះ Denis Bratuschenko គឺជាអធិការវ័យ ៣៤ឆ្នាំមួយរូប ៕
