ប្រទេសកាណាដា កាលពីថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួនមានគម្រោងផ្តល់ជំនួយដល់គុយបា ខណៈពេលដែលកោះនេះកំពុងជួបប្រទះនឹងកង្វះខាតប្រេងឥន្ធនៈ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាត់វិធានាការទប់ស្កាត់ការផ្គត់ផ្គង់ប្រេងរបស់ប្រទេសនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនយុទ្ធនាការដាក់សម្ពាធប្រឆាំងនឹងប្រទេសកោះនេះ ដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្ត និងជាគូសត្រូវយូរអង្វែងមកហើយរបស់សហរដ្ឋអាមេរិក។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់វិធានការរារាំងប្រេងទាំងអស់មិនឲ្យទៅដល់គុយបា ក្នុងនោះរួមទាំងប្រេងពីសម្ព័ន្ធមិត្តវ៉េណេស៊ុយអេឡា ដែលជំរុញឲ្យតម្លៃអាហារ និងការដឹកជញ្ជូនកើនឡើង និងបង្កឲ្យមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោង។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលជំនួយបែបនេះនឹងរួមបញ្ចូលនោះ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បាននិយាយកាលពីថ្ងៃទី២៣ ខែកុម្ភៈថា៖ «យើងកំពុងរៀបចំគម្រោងផ្ដល់ជំនួយ។ តែយ៉ាងណក្ដី យើងមិនទាន់ត្រៀមផ្ដល់ព័ត៌មានលម្អិតអំពីការប្រកាសនោះឡើយ នៅពេលនេះ»។
អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើតម្រូវការថាមពលរបស់គុយបា មិនត្រូវបានបំពេញទេនោះ វាអាចបង្កឲ្យមានវិបត្តិមនុស្សធម៌។ កាណាដាបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងតាមដានស្ថានភាពនៅគុយបា ហើយមានក្ដីបារម្ភអំពី«ហានិភ័យកើនឡើង ក្នុងការមានវិបត្តិមនុស្សធម៌» នៅទីនោះ៕

