រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil Pinto កាលពីថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) បានទាមទារឲ្យមានការដោះលែងជាបន្ទាន់ សម្រាប់លោក Nicolas Maduro ដែលត្រូវបានទម្លាក់ចេញពីតំណែងជាប្រធានាធិបតីដោយសហរដ្ឋអាមេរិក អំឡុងការវាយឆ្មក់ កាលពីថ្ងៃទី៣ ខែមករា។
លោក Maduro ដែលបានគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា តាំងពីខែមីនា ឆ្នាំ២០១៣ រហូតដល់មានការចាប់ខ្លួនរូបលោកដោយកងកម្លាំងអាមេរិក កំពុងត្រូវបានឃុំខ្លួននៅទីក្រុង New York សហរដ្ឋអាមេរិក រួមជាមួយភរិយារបស់លោក ដោយរង់ចាំការកាត់ក្តី។ លោក Maduro វ័យ ៦៣ឆ្នាំ បានផ្ដល់ចម្លើយពីភាពមិនមានទោស ចំពោះការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងបានប្រកាសថា លោកគឺជា «អ្នកទោសសង្គ្រាម» (ឈ្លើយសឹក)។
អំឡុងនិយាយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Gil បានទាមទារឲ្យសហរដ្ឋអាមេរិកដោះលែងលោក Maduro និងភរិយារបស់លោក គឺលោកស្រី Cilia Flores ជាបន្ទាន់។ លោក Gil បានប្រាប់ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់ UN ថា៖ «ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានកត់សម្គាល់នូវចំណុចរបត់នៃភាពធ្ងន់ធ្ងរខ្លាំង។ សកម្មភាពយោធា គឺខុសច្បាប់ ដោយកងកម្លាំងអាមេរិកបានធ្វើឲ្យមនុស្សជាង ១០០នាក់បាត់បង់ជីវិត»។

អ្នកការទូតជាន់ខ្ពស់របស់វ៉េណេស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកកំពុង «ធ្វើការឆ្ពោះទៅរកដំណើរការនៃការទទួលស្គាល់របួសពីអតីតកាល ការអភ័យទោស និងការផ្សះផ្សា» ដោយសំដៅទៅលើច្បាប់លើកលែងទោសថ្មីមួយដែលទទួលបានការអនុម័ត។
អង្គនីតិបញ្ញត្តិរបស់ប្រទេសនេះបានអនុម័តច្បាប់ដ៏សំខាន់នេះជាឯកច្ឆ័ន្ទកាលពីថ្ងៃទី១៩ ខែកុម្ភៈ ហើយមេដឹកនាំបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានសាទរចំពោះការអនុម័តនោះ ដោយពណ៌នាថា វាជាជំហានមួយឆ្ពោះទៅរក «ប្រទេសវេណេស៊ុយអេឡាមួយដែលមានប្រជាធិបតេយ្យ យុត្តិធម៌ និងសេរីភាពជាងមុន»៕

