ទូរទស្សន៍រដ្ឋ KRT រាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និយាយថា ប្រទេសរបស់លោកនឹងអភិវឌ្ឍគុណភាពសេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំខាងមុខ ។
ចាប់តាំងពីសប្តាហ៍មុនរហូតមក កូរ៉េខាងជើង បានរៀបចំសមាជលើកទី ៩នៃគណបក្សពលករដែលនឹងដាក់ចេញគោលដៅនយោបាយសំខាន់ៗ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ។
ទូរទស្សន៍ KRT រាយការណ៍ថា សមាជបក្សបានបន្តកាលពីថ្ងៃចន្ទ ក្នុងនោះសមាជិកមួយចំនួន បានចាប់ផ្តើមដាក់ចេញផែនការ និងគោលដៅសម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ រួមទាំងវិស័យយោធា គោលនយោបាយបរទេស ឧស្សាហកម្ម និងកសិកម្ម ។

ទូរទស្សន៍ KRT រាយការណ៍បន្តថា ដោយចាត់ទុករយៈពេល ៥ឆ្នាំខាងមុខថា ជាដំណាក់កាលវឌ្ឍនភាពពេញលេញ នៅក្នុងសុរន្ទកថាកាលពីថ្ងៃចន្ទ លោក Kimបានអំពាវនាវឲ្យមានគំនិតបដិវត្តន៍ បច្ចេកវិទ្យា និងវប្បធម៌ ដើម្បីធ្វើឲ្យគម្រោតថ្មី អាចគ្រប់គ្រងទាន់ពេលបាន ។
ខណៈពេលនោះដែរ លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក Kim Jong Un ត្រូវបានគេដំឡើងឋានៈ ។ យោងតាមការអះអាងរបស់សារព័ត៌មានបានឲ្យដឹងថា លោកស្រី Kim Yo Jong ត្រូវបានគេតែងតាំងជាប្រធាននាយកដ្ឋានគណបក្សពលករ ដែលកាលពីមុនលោកស្រីមានតំណែងត្រឹមអនុប្រធាននាយកដ្ឋានគណបក្សប៉ុណ្ណោះ ៕
