ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រកងទ័ពអ៊ីរ៉ង់ ១គ្រឿង បានធ្លាក់ចូលក្នុងផ្សារលក់ផ្លែឈើមួយកន្លែង ក្នុងខេត្ត Isfahan ភាគកណ្តាល នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាលឲ្យអ្នកបើកបរ ជំនួយការ និងអាជីវករ ២រូបបាត់បង់ជីវិត។

សេចក្ដីរាយការណ៍បានបន្ថែមថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅក្នុងទីក្រុង Dorcheh ដោយបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះឡើង ដែលត្រូវបានពន្លត់ដោយទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់។
អ្នកជំនាញលើកឡើងថា អ៊ីរ៉ង់មានកំណត់ត្រាសុវត្ថិភាពផ្លូវអាកាសមិនល្អ ដោយមានការធ្លាក់ម្តងហើយម្តងទៀត ដោយភាគច្រើនពាក់ព័ន្ធនឹងយន្តហោះដែលបានទិញមុនបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ និងខ្វះគ្រឿងបន្លាស់ដើម សម្រាប់ការថែទាំ។
កាលពីសប្តាហ៍មុន យន្តហោះចម្បាំង F-4 ផលិតដោយសហរដ្ឋអាមេរិក ដែលជារបស់កងទ័ពអាកាសធម្មតារបស់អ៊ីរ៉ង់ បានធ្លាក់នៅខេត្ត Hamadan ភាគខាងលិច ដោយបាននាំឲ្យអ្នកបើកបរម្នាក់សា្លប់ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់៕


