ភ្នំពេញ៖ ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងការបូប គឺសំដៅផ្លាស់ប្តូរឧស្សាហកម្មមួយ ដែលមានចីរភាពបរិស្ថាន មានភាពធន់មានតម្លៃបន្ថែមខ្ពស់ ជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចឲ្យបានមុនឆ្នាំ ២០២៧ ដើម្បីឈានទៅសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២២ នេះថា បច្ចុប្បន្នកម្ពុជាបានឈានចូលដល់ដំណាក់កាលថ្មី នៃការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលទាមទារឲ្យយុទ្ធសាស្រ្តថ្មីនេះ សំដៅប្រែក្លាយ និងពង្រីកមូលដ្ឋានកំណើនពីការពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ មានផលិតភាព និងតម្លៃបន្ថែមខ្ពស់ ដើម្បីបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលវែង។
តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងការបូបកម្ពុជា ២០២២-២០២ ៧ នេះ គឺជាការសំដៅផ្លាស់ប្តូរនៃឧស្សាហកម្មទាំងនេះ ឲ្យទៅជាឧស្សាហកម្មមួយ ជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច ឲ្យបានមុនឆ្នាំ ២០២៧ និងដើម្បីឈានទៅសម្រេចបាននៃក្តីប្រាថ្នារបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតាមចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងការបូប គឺជាការធ្វើបច្ចុប្បន្នភាពឡើងវិញលើផលប៉ះពាល់ និងការរីកចម្រើន, ការគិតគូរទាន់ពេលវេលា ដើម្បីជម្រុញការអភិវឌ្ឍ ឲ្យរត់ទាន់សភាពការ នៃការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ចំណែក ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វិស័យកាត់ដេរ ជួយទ្រទ្រង់ក្នុងវិបត្តិកូវីដ និងបង្កើតការងារ ស្រពលេប្រទេសផ្សេងៗកំពុងជួបវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩ ខណៈដែលកម្ពុជាគ្រប់គ្រងវិបត្តិនេះបាន។ ប៉ុន្តែវិស័យកាត់ដេរ ស្បែកជើង និងការបូបនេះ អាចមានភាពផុយស្រួយ នៅពេលប្រទេសដ៍ទៃបានចាប់ផ្តើមឡើងវិញ ។ ចំណែកកម្រិតនៃការប្រកួតប្រជែងនៅកម្ពុជាក៏ទាបជាងគេដែរ។
ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨, វិស័យកាត់ដេរបានរួមចំណែកប្រមាណ ៩៥% និងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៩ មកដល់បច្ចុប្បន្ន, វិស័យនេះនៅបន្តឈរនៅលំដាប់ទីមួយ ពោលគឺ រួមចំណែកជាមធ្យមជាង ៧០% នៃការនាំចេញសរុបរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី