អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអង្គារនេះថា និស្សិតសាកលវិទ្យាល័យ មានសិទ្ធិតវ៉ា ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវតែ «យល់ពីបន្ទាត់ក្រហម» ដែលជាប្រតិកម្មផ្លូវការលើកដំបូងចំពោះការបន្តជួបជុំគ្នានៅក្នុងបរិវេណសកលវិទ្យាល័យ ចាប់តាំងពីចុងសប្តាហ៍។
លោកស្រី Fatemeh MoHajjerani បាននិយាយថា៖«វត្ថុពិសិដ្ឋ និងទង់ជាតិ គឺជាឧទាហរណ៍ពីរនៃបន្ទាត់ក្រហមទាំងនេះ ដែលយើងត្រូវតែការពារ ហើយមិនត្រូវឆ្លងកាត់ ឬងាកចេញពីនោះទេ ទោះបីជាកំហឹងកើនឡើងដល់កម្រិតណាក៏ដោយ។

លោកស្រីបាននិយាយថា និស្សិតអ៊ីរ៉ង់ «មានរបួសនៅក្នុងចិត្តរបស់ពួកគេ ហើយបានឃើញឈុតឆាកដែលអាចធ្វើឲ្យពួកគេខឹងសម្បា ហើយកំហឹងនេះ អាចយល់បាន»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា និស្សិតសាកលវិទ្យាល័យនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមឆមាសថ្មី កាលពីថ្ងៃសៅរ៍ ជាមួយនឹងការជួបជុំគ្នាគាំទ្រ និងប្រឆាំងរដ្ឋាភិបាល ដោយបានរស់ឡើងវិញនូវពាក្យស្លោកចេញពីបាតុកម្មទូទាំងប្រទេសដែលបានឈានដល់កម្រិតកំពូល នៅក្នុងខែមករា និងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។
ការតវ៉ាបានចាប់ផ្តើមដំបូង នៅក្នុងខែធ្នូ ដែលបង្កឡើងដោយបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសដែលរងទណ្ឌកម្ម ប៉ុន្តែបានរីកចម្រើនទៅជាបាតុកម្មទូទាំងប្រទេស នៅថ្ងៃទី ០៨ និង ០៩ ខែមករា៕
