កងកម្លាំងរដ្ឋាភិបាលយេម៉ែន បានពង្រឹងសន្តិសុខនៅទូទាំងទីក្រុងកំពង់ផែ Aden ភាគខាងត្បូង កាលពីថ្ងៃចន្ទ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវនៅជិតវិមានប្រធានាធិបតី ខណៈដែលគណៈរដ្ឋមន្ត្រីដែលទើបបង្កើតថ្មី បានត្រៀមខ្លួន ដើម្បីបន្តប្រតិបត្តិការនៅក្នុងប្រទេសអារ៉ាប់ដែលហែកហួរដោយសង្គ្រាមនេះ។

ការប៉ះទង្គិចគ្នានេះ បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីគណៈរដ្ឋមន្ត្រីនេះបានត្រឡប់មកពីអារ៉ាប៊ីសាអ៊ូឌីត នៅពេលដែលក្រុមបាតុកររាប់រយនាក់ ដែលភាគច្រើនមានសម្ព័ន្ធភាពជាមួយក្រុមភាគខាងត្បូងដែលគាំទ្រការបំបែកខ្លួន បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានប្រធានាធិបតី al-Ma'ashiq ដែលជាវិមានរបស់រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ។
នៅពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានព្យាយាមឈានទៅមុខឆ្ពោះទៅច្រកចូលធំនៃវិមាននេះ កងកម្លាំងសន្តិសុខ បានចាត់វិធានការរារាំងពួកគេ ហើយភាពមិនចាញ់មិនឈ្នោះនោះ បានកើនឡើងយ៉ាងឆាប់រហ័សទៅជាការប្រឈមមុខដាក់គ្នា។
មន្ត្រីសុខាភិបាលម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ បានរងរបួស និងមនុស្សម្នាក់ បានស្លាប់នៅពេលមកដល់មន្ទីរពេទ្យ។ មន្ត្រីរូបនោះ បាននិយាយថា «របួសភាគច្រើនបណ្តាលមកពីគ្រាប់រំសេវពិត» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។
បន្ទាប់ពីការប៉ះទង្គិចគ្នានោះ រដ្ឋាភិបាលបានបញ្ជាឲ្យដាក់ពង្រាយកងទ័ពបន្ថែមនៅទូទាំងទីក្រុង Aden និងតាមបណ្តោយផ្លូវធំៗដែលនាំទៅដល់ស្ថាប័នរដ្ឋសំខាន់ៗ៕
