ទីភ្នាកងារស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី (SVR) នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានចោទប្រកាន់ចក្រភពអង់គ្លេស និងបារាំងថា កំពុងធ្វើការយ៉ាងសកម្ម ដើម្បីផ្តល់គ្រាប់បែកនុយក្លេអ៊ែរដល់ទីក្រុងគីវ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ SVR បានអះអាងថា ចក្រភពអង់គ្លេស និងបារាំង ជឿថា ដោយមានអាវុធនុយក្លេអ៊ែរ អ៊ុយក្រែននឹងអាចទទួលបានលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការបញ្ចប់ជម្លោះ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖ «គេជឿថា អ៊ុយក្រែនត្រូវការការផ្គត់ផ្គង់អាវុធដ៏មានឥទ្ធិពល។ ទីក្រុងគីវនឹងអាចទាមទារលក្ខខណ្ឌអំណោយផលបន្ថែមទៀត ដើម្បីបញ្ចប់អរិភាព ប្រសិនបើខ្លួនមានគ្រាប់បែកបរមាណូ ឬយ៉ាងហោចណាស់គ្រាប់បែកកម្រិតស្រាល»។

សេចក្ដីថ្លែងការណ៍នោះបានកត់សម្គាល់ថា អាល្លឺម៉ង់ «បានបដិសេធដោយឈ្លាសវៃមិនចូលរួមក្នុងដំណើរផ្សងគ្រោះថ្នាក់នេះ»។ យោងតាម SVR បានឲ្យដឹងទៀត ទីក្រុងឡុងដ៍ និងប៉ារីស កំពុងដោះស្រាយបញ្ហាទាក់ទងនឹងការផ្តល់អាវុធបែបនេះ និងប្រព័ន្ធចែកចាយអាវុធទាំងនោះដល់ទីក្រុងគីវ។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «យើងកំពុងនិយាយអំពីការផ្ទេរដោយសម្ងាត់ទៅអ៊ុយក្រែននូវគ្រឿងបន្លាស់ ឧបករណ៍ និងបច្ចេកវិទ្យាអឺរ៉ុប នៅក្នុងវិស័យនេះ។ ជម្រើសមួយដែលកំពុងត្រូវបានពិចារណា គឺក្បាលគ្រាប់ TN75 របស់បារាំង សម្រាប់មីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក M51.1»។
SVR បានសង្កត់ធ្ងន់ថា៖ «អង់គ្លេស និងបារាំង ដឹងថា ផែនការរបស់ពួកគេ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយត្រូវបានភ្ជាប់ជាមួយនឹងហានិភ័យនៃការធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធច្បាប់មិនរីកសាយភាយអាវុធជាសកល»៕
