ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Khan Younis តំបន់ហ្កាហ្សា ភ្ញាក់ឡើងនៅព្រឹកថ្ងៃអង្គារនេះ ឃើញសំពត់តង់ជោគជាំដោយទឹក បន្ទាប់ពីភ្លៀងធ្លាក់កាលពីយប់ បណ្តាលឲ្យជំរំបណ្តោះអាសន្នរបស់ពួកគេ រងការជន់លិច ។ អ្នកស្រុកប្រើប្រាស់អំបោស ដើម្បីបាចទឹកចេញពីជម្រករបស់ពួកគេ ។

លោកយាយ Umm Alaa al Buraim វ័យ ៧៣ឆ្នាំ និយាយថា ការបំផ្លិចបំផ្លាញដែលគាត់មើលឃើញក្នុងជម្លោះបច្ចុប្បន្ននេះ ខ្លាំងជាងសង្រ្គាមមុនៗទាំងអស់ ដែលគាត់ធ្លាប់ឆ្លងកាត់ ។
លោកយាយនិយាយថា នេះមិនមែនជាសង្រ្គាមនោះទេ តែជាការបំផ្លិចបំផ្លាញទាំងស្រុង ។ លោកយាយសូមអំពាវនាវសុំជំនួយពីប្រទេសអារ៉ាប់ ជំរុញឲ្យមានការផ្តល់រថយន្តដឹកជំនួយ ដើម្បីធ្វើឲ្យស្ថានភាពរស់នៅល្អប្រសើរជាងនេះ ។
កាលពីខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ របាយការណ៍អង្គការសហប្រជាជាតិ(UN)និយាយថា ជម្រកជម្លៀសខ្លួន ៧៦១កន្លែង មានមនុស្ស ៨៥ម៉ឺននាក់រស់នៅ ប្រឈមនឹងហានិភ័យខ្ពស់នៃការជន់លិច ហើយមនុស្សរាប់ពាន់នាក់ បានផ្លាស់ទីចេញ ដោយរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង ។
ក្រុមមន្រ្តី UN និងក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា សំពង់តង់ថ្មីយ៉ាងហោចចំនួន ៣០ម៉ឺនតង់ ត្រូវការបន្ទាន់ សម្រាប់មនុស្សប្រហែល ១,៥លាននាក់ ដែលនៅជម្លៀសខ្លួន ។ ភាគច្រើននៃជម្រកមានស្រាប់ បានរហែក ឬធ្វើពីប្លាស្ទិកស្តើងៗ និងកំណាត់ ៕
