រដ្ឋាភិបាលជប៉ុនមានគម្រោងដាក់ពង្រាយមីស៊ីលបាញ់បីដីទៅអាកាស លើកោះដាច់ស្រយាលមួយ នៅភាគខាងលិចនៃប្រទេសរបស់ខ្លួន នៅជិតកោះតៃវ៉ាន់ ត្រឹមខែមីនា ឆ្នាំ២០៣១។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសនេះ ដែលបានបាននិយាយ នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ។
នេះជាលើកដំបូងដែលជប៉ុន បានបញ្ជាក់ពីពេលវេលានៃការដាក់ពង្រាយនេះ។ ក្រសួងបានប្រកាសផែនការនេះនៅឆ្នាំ២០២២ ដើម្បីបង្កើនវិធានការការពារដែនអាកាសរបស់ខ្លួន នៅលើកោះនេះ ជាទីដែលមានមូលដ្ឋានយោធាជប៉ុនរួចហើយ។
អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយថា ការដាក់ពង្រាយនៅលើកោះ Yonaguni នឹងធ្វើឡើងនៅក្នុងឆ្នាំសារពើពន្ធ២០៣០ ដែលបញ្ចប់នៅខែមីនានៃប្រតិទិនឆ្នាំបន្ទាប់។
ការអត្ថាធិប្បាយទាំងនេះបានកើតឡើងក្នុងអំឡុងពេលជម្លោះរយៈពេលជាច្រើនខែ រវាងជប៉ុន និងចិន ដោយទីក្រុងប៉េកាំង បានប្រកាសនៅថ្ងៃអង្គារថា ខ្លួនកំពុងដាក់កម្រិតលើការនាំចេញ ចំពោះក្រុមហ៊ុនជប៉ុនរាប់សិប ដែលខ្លួនបានចាត់ទុកថា ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពយោធារបស់ប្រទេសនេះ។
លោក Koizumi ដែលបានទៅត្រួតពិនិត្យកោះ Yonaguni កាលពីខែវិច្ឆិកាឆ្នាំមុន បាននិយាយថា ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មានមួយ សម្រាប់ប្រជាជនក្នុងតំបន់ នាសប្តាហ៍ក្រោយ នៅលើកោះនេះ ដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នៅភាគខាងកើតនៃកោះតៃវ៉ាន់ និង ១.៩០០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុងតូក្យូ។
នាយករដ្ឋមន្ត្រីអភិរក្សនិយមរបស់ជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំមុនថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍យោធា ក្នុងអំឡុងពេលមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់៕