ភ្នំពេញ៖ យោងតាមការអង្កេតរបស់អង្គការសុខភាពពិភពលោកបង្ហាញថា ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឡើយ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
យោងតាមរបាយការណ៍ នៃយុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោមប្រធានបទ « រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ »បានប្រកាសថា ប្រទេសកម្ពុជាបានបើកឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច និងសង្គមនានា ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១មក ប៉ុន្តែអង្គការសុខភាពពិភពលោក នៅតែមើលឃើញពីការបន្តវាយលុកយ៉ាងខ្លាំងជំងឺរាតត្បាតកូវីដ-១៩ នៅបណ្តាប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ។
ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ចាប់ពី«អូមីក្រុង»មានវត្តមាននៅកម្ពុជាពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ករណីឈឺ និងស្លាប់ដោយកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»នៅតែរកឃើញជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យមានកំណើនសរុបករណីឈឺ និងស្លាប់នៅកម្ពុជា។
ក្រសួងសុខាភិបាល បញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ«អូមីក្រុង»សរុបចំនួន ១៣.៥៦១នាក់ និងមានអ្នកស្លាប់សរុបដោយ«អូមីក្រុង» ចំនួន៥១នាក់៕





