មន្ត្រីអ៊ីស្រាអែលម្នាក់ នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានបង្ហើបឲ្យដឹងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ «ជិតកើតមានហើយ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល Yedioth Ahronoth។
សារព័ត៌មាននេះក៏បានដកស្រង់ប្រភពដែលបានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបាននិយាយថា លោកមានទំនោរចង់ចេញបញ្ជាឲ្យធ្វើការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការវិវត្តនេះ ប្រភពបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Channel 12 របស់អ៊ីស្រាអែលថា ទីក្រុង Tel Aviv បានបញ្ចប់ទាំងស្រុងនូវការត្រៀមខ្លួនរបស់ខ្លួន សម្រាប់លទ្ធភាពនៃការបើកសមរភូមិបន្ថែម។
មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ទីក្រុង Tel Aviv កំពុងឆ្លងកាត់រយៈពេលប៉ុន្មានថ្ងៃដ៏ស្មុគស្មាញ ដោយបន្ថែមថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់សេណារីយ៉ូណាមួយ។
សម្រាប់ខ្លួនលោកផ្ទាល់ លោកប្រធានាធិបតី Trump បានបញ្ជាក់តាមរយៈការបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social ថា ប្រសិនបើសហរដ្ឋអាមេរិកមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ទាក់ទងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសនេះនោះទេ វានឹងក្លាយជាថ្ងៃដ៏អាក្រក់ណាស់មួយ សម្រាប់អ៊ីរ៉ង់៕