សហជីពមួយបានឲ្យដឹងថា កម្មករដឹកជញ្ជូនសាធារណៈ នៅទូទាំងប្រទេសអាល្លឺម៉ង់ នឹងធ្វើកូដកម្មរយៈពេល ៤៨ម៉ោង ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ខណៈដែលការចរចាលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារផ្សេងៗ ជាប់គាំង ដែលអាចបង្កឲ្យមានភាពច្របូកច្របល់ដល់ការធ្វើដំណើរ សម្រាប់មនុស្សរាប់លាននាក់។
សហជីព Verdi ដែលចរចាតំណាងឲ្យកម្មករប្រហែល ១០០.០០០នាក់ បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ) នេះថា ខ្លួនបានសម្រេចបង្កើនសម្ពាធលើអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមានវឌ្ឍនភាពតិចតួច ក្នុងដំណើរការចរចាប្រចាំឆ្នាំ។
សកម្មភាពឧស្សាហកម្ម ទំនងជាប៉ះពាល់ដល់សេវាកម្មមូលដ្ឋាន ដែលមានរថយន្តក្រុង រថភ្លើងអគ្គិសនី និងរថភ្លើង នៅក្នុងទីក្រុងទាំងតូច និងធំភាគច្រើន ទូទាំងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៧ ខែកុម្ភៈ ដោយកូដកម្មនឹងបន្តមានរហូតដល់ថ្ងៃសៅរ៍ នៅកន្លែងជាច្រើន។ ប៉ុន្តែសេវាកម្មផ្លូវដែក ផ្លូវថ្នល់ ឬផ្លូវអាកាសទូទាំងប្រទេស ត្រូវបានគេរំពឹងថា នឹងដំណើរការដូចធម្មតា។
នេះគឺជាការធ្វើកូដកម្មបែបនេះលើកទី២ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ បន្ទាប់ពីលើកទី១ នៅដើមខែកុម្ភៈនេះ បានធ្វើឲ្យការដឹកជញ្ជូនសាធារណៈលែងដំណើរការ។
អនុប្រធាន Verdi លោកស្រី Christine Behle បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខ្វះនូវវឌ្ឍនភាព បន្ទាប់ពីការចរចាចំនួន ៤ជុំ គឺជារឿង «គួរឲ្យខកចិត្តជាងណាស់»។
សហជីពកំពុងទាមទារប្រាក់រង្វាន់ខ្ពស់ជាងមុន សម្រាប់ការងារពេលយប់ និងចុងសប្តាហ៍ ការកាត់បន្ថយម៉ោងធ្វើការប្រចាំសប្តាហ៍ និងរយៈពេលសម្រាកយូរជាងមុន។ នៅក្នុងរដ្ឋមួយចំនួន សហជីពក៏កំពុងអំពាវនាវឲ្យមានការដំឡើងប្រាក់ខែប្រហែល ១០ភាគរយផងដែរ៕