ទាហានរុស្ស៊ី ៤នាក់ បានរំលេចរឿងរ៉ាវដ៏គួរឲ្យរន្ធត់ និងឃោឃៅនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះ ទាហាន ២នាក់ និយាយប្រាប់ BBCថា ពួកគេបានមើលឃើញសមមិត្តរបស់ខ្លួន ត្រូវបានប្រហារជីវិត ដោយសារមិនស្តាប់បញ្ជាមេបញ្ជាការ ។
ទាហានម្នាក់និយាយថា លោកបានឃើញទាហានត្រូវបានប្រហារជីវិតតាមការបញ្ជាពីមេបញ្ជាការរបស់គាត់ ដែលក្លាយជាវិរបុរសរុស្ស៊ីកាលពីឆ្នាំ ២០២៤ ។
លោកថា លោកបានមើលឃើញជាក់ស្តែងនឹងភ្នែកនៅចម្ងាយ ២-៣ម៉ែត្រពីគ្នាប៉ុណ្ណោះ កេះកៃ រួចបាញ់សម្លាប់ចោលតែម្តង ។
ចំណែកឯទាហានម្នាក់ទៀត មកពីអង្គភាពផ្សេង និយាយដែរថា លោកបានមើលឃើញមេបញ្ជាការរបស់លោកបាញ់សម្លាប់ទាហាន ៤នាក់ ដោយខ្លួនឯង ។
លោកនិយាយពីការប្រហារជីវិតទាហានទាំងនោះថា លោកស្គាល់ពួកគេ ។ លោកនៅចាំបានថា ម្នាក់ក្នុងចំណោមពួកគេនិយាយថា “សូមកុំបាញ់ខ្ញុំ ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់” ។
ម្នាក់ក្នុងចំណោមពួកគេនិយាយថា គាត់បានមើលឃើញសាកសពមិត្តរួមក្រុម ២០នាក់ នៅក្នុងរណ្តៅមួយ ក្រោយត្រូវបានប្រហារជីវិតដោយសមមិត្តខ្លួនឯង ។
នៅក្នុងឯកសារ The Zero Line: Inside Russia's War ទាហានទាំងនោះ បាននិយាយលម្អិតពីរឿងរ៉ាវដែលពួកគេត្រូវបានធ្វើទារុណកម្ម សម្រាប់ការបដិសេធន៍មិនព្រមចូលរួមប្រយុទ្ធដែលពួកេនិយាយថា វាគឺជាយុទ្ធនាការអត្តឃាត ។
ទាហានរុស្ស៊ី ចាត់ទុកការវាយប្រហារទាំងនេះថាជា “ព្យុះសាច់” ស្របពេលរលកនៃមនុស្សប្រុស ត្រូវបានបញ្ជូនទៅកាន់ជួរមុខឥតឈប់ឈរ ដើម្បីប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន ៕