រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein និយាយកាលពីថ្ងៃចន្ទថា ទួរគី បានយល់ព្រមទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់ទៅវិញ ដែលស្ថិតក្នុងចំណោមអ្នកទោសរដ្ឋអ៊ិស្លាមរាប់ពាន់នាក់ ត្រូវបានបញ្ជូនមកកាន់ប្រទេសអ៊ីរ៉ាក់ ចេញពីប្រទេសស៊ីរី ពេលដែលជំរំ និងពន្ធនាគារ ត្រូវបានបិទកាលពីរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ។
អ៊ីរ៉ាក់ បានទទួលយកអ្នកទោស នៅក្នុងប្រតិបត្តិការមួយរៀបចំឡើងដោយសហរដ្ឋអាមេរិក ក្រោយកងកម្លាំងឃឺដ ដកថយ និងបិទជំរំ និងពន្ធនាគាររបស់ពួកគេ ដែលដាក់ជនសង្ស័យរដ្ឋអ៊ិស្លាម អស់រយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។
ទីក្រុងបាកដាដនិយាយថា ពួកគេនឹងកាត់ទោសជនសង្ស័យពីបទភេរវកម្ម នៅក្នុងប្រព័ន្ធតុលាការផ្ទាល់ខ្លួន ប៉ុន្តែពួកគេបានអំពាវនាវម្តងហើយម្តងទៀតដល់ប្រទេសដទៃឲ្យទទួលយកត្រឡប់ទៅវិញពលរដ្ឋរបស់ពួកគេ នៅក្នុងចំណោមអ្នកទោសរដ្ឋអ៊ិស្លាម ។
លោក Hussein និយាយប្រាប់ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Tom Barrack នៅក្នុងជំនួបថា អ៊ីរ៉ាក់កំពុងជជែកគ្នាជាមួយប្រទេសដទៃលើការធ្វើមានតុភូមិនិវត្តន៍ជនជាតិរបស់ពួកគេ ហើយនិងបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយទួរគី ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកផ្ញើរជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Hussein និយាយថា អ៊ីរ៉ាក់សូមបញ្ជាក់ឡើងវិញការអំពាវនាវរបស់ខ្លួនដល់ប្រទេសទាំងអស់ ដើម្បីទទួលយកទំនួលខុសត្រូវផ្នែកច្បាប់ និងក្រមសិលធម៌របស់ពួកគេ តាមរយៈការធ្វើមាតុភូមិនិវត្តន៍ក្រុមភេវរករនៅក្នុងចំណោមពលរដ្ឋរបស់ពួកគេ និងកាត់ទោសពួកគេនៅក្នុងដែនដីរបស់ពួកគេ ។
ជោគវាសនារបស់យុទ្ធរដ្ឋអ៊ិស្លាមសង្ស័យ ក៏ដូចជាស្រ្តី និងកុមាររាប់ពាន់នាក់ដែលជាប់ពាក់ព័ន្ធនឹងក្រុមមួយនេះ បានក្លាយជាបញ្ហាបន្ទាន់ ចាប់តាំងពីកងកម្លាំងឃឺដ ការពារពួកគេពីការដួលរលំ ជាការប្រឈមនឹងការវាយប្រហាររបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ។
អំឡុងពេលឡើងអំណាចរបស់ខ្លួន ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ ក្រុមរដ្ឋអ៊ិស្លាមបានកាន់កាប់តំបន់ជាច្រើននៅស៊ីរី និងអ៊ីរ៉ាក់ នៅក្នុងរដ្ឋកាលិហ្វ ដោយគ្រប់គ្រងមនុស្សរាប់លាននាក់ និងទាក់ទាញយុទ្ធជនមកពីប្រទេសជាច្រើន ។ ការគ្រប់គ្រងរបស់ពួកគេ បានដួលរលំ ក្រោយយុទ្ធនាការយោធារបស់រដ្ឋាភិបាលក្នុងស្រុក និងកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ៕